(កៀវ)៖ ប្រធាគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្តេជ្ញាថា អឺរ៉ុបនឹងគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ នៅពេលដែលលោកស្រី និងមេដឹកនាំលោកខាងលិច ៣រូបផ្សេងទៀតទៅដល់ទីក្រុងកៀវ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងថ្ងៃខួប ២ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកស្រី Von der Leyen បានបញ្ជាក់តាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «លើសពីពេលណាៗទាំងអស់ យើងឈរនៅយ៉ាងរឹងមាំជាមួយអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច យោធា និងសីលធម៌»។ ចំណែកលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «ពីរឆ្នាំមុន យើងបានជួបទាហានរបស់សត្រូវនៅទីនេះប្រកបដោយគ្រោះថ្នាក់ ហើយពីរឆ្នាំក្រោយមក យើងបានជួបមិត្តភ័ក្ដិ ដៃគូរបស់យើងនៅទីនេះម្តងទៀត»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកស្រី von der Leyen នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និងនាយករដ្ឋមន្រ្តីបែលហ្ស៉ិក លោក Alexander De Croo ទៅកាន់ទីក្រុងកៀវធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងខ្វះខាតការផ្គត់ផ្គង់ផ្នែកយោធា ខណៈដែលរុស្ស៉ីមានប្រៀបនៅសមរភូមិ។
គេរំពឹងថា លោកស្រី Meloni និងលោក Trudeau អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយលោក ហ្សេលេនស្គី អំឡុងពេលស្នាក់នៅទីនោះរយៈពេលខ្លី ស្របទៅតាមកិច្ចព្រមព្រៀងទើបសម្រេចបានជាមួយបារាំង និងអាល្លឺម៉ង់ដែលមានតម្លៃរាប់ពាន់លានដុល្លារ៕
រូបភាពពី Reuters