(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ​ លោក Srettha Thavisin នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះបាននិយាយថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra មានភាពរីករាយ និងមានអារម្មណ៍ល្អ ប៉ុន្តែលោកនៅមានសុខភាពទន់ខ្សោយនៅឡើយ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យមានសេរីភាពពីការឃុំខ្លួនមុនកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Srettha ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅសួរសុខទុក្ខលោក Thaksin ដល់ភូមិគ្រឹះរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះនៅក្នុងស្រុក Bang Phlat ទីក្រុងបាងកក ហើយការសួរសុខទុក្ខនេះកើតមានឡើង ក្រោយលោក Thaksin ត្រូវបានដោះលែងពីការឃុំឃាំងមុនកំណត់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Srettha បានបញ្ជាក់ថាលោក Thaksin មានភាពរីករាយ និងមានអារម្មណ៍ល្អជាធម្មតា ប៉ុន្តែលោកនៅមានសុខភាពខ្សោយនៅឡើយ។ ប៉ុន្តែ លោក Srettha មិនបានលើកឡើងថាតើអតីតនាយករដ្ឋមន្ត្រី វ័យ៧៤ឆ្នាំដ៏មានឥទ្ធិពលរូបនេះនឹងជួយប្រទេសជាតិ តាមរបៀបណានោះទេ?

គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ ដើម្បីសួរសុខទុក្ខលោក Thaksin ផងដែរ៕

រូបភាពពី Reuters