(មូស្គូ)៖ រុស្ស៉ីកំពុងតែដកខ្លួនចេញពី កិច្ចព្រមព្រៀងមួយស្តីពីការនេសាទ ដែលសម្រេចបានតាំងតែពីឆ្នាំ១៩៥៦ ជាមួយចក្រភពអង់គ្លេស ដោយអតីតមេដឹកនាំសហភាពសូវៀត លោក Nikita Khrushchev ខណៈវាគឺជាសញ្ញាថ្មីមួយទៀតបង្ហាញពីភាពដុនដាបកាន់តែខ្លាំង នៃទំនាក់ទំនងរវាងរុស្ស៉ីនិងលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្កជាការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ខ្លាំងជាងពេលណាទាំងអស់រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២មក។ កិច្ចព្រមព្រៀងនេសាទខែឧសភា ឆ្នាំ១៩៥៦ ត្រូវបានចុះហត្ថលេខាក្នុងទីក្រុងឡុងដ៍របស់អង់គ្លេស នៅចំណុចប្រែប្រួលសំខាន់មួយ អំលុងសម័យសង្រ្គាមត្រជាក់ គឺលោក Khrushchev នាឆ្នាំនោះ បានថ្កោលទោសអតីតមេដឹកនាំសូវៀត លោក Josef Stalin និងស្នើចង់រស់នៅដោយសន្តិភាពជាមួយលោកខាងលិច ហើយថែមទាំងបានបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ទៀតផង។
គួរបញ្ជាក់ថា ដោយឡែក បច្ចុប្បន្នប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចាត់ទុកសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចដទៃទៀត ជាពួកចក្រពត្តិនិយមដែលចង់បំផ្លិចបំផ្លាញប្រទេសរុស្ស៉ី ហើយប្លន់យកធនធានធម្មជាតិរបស់រុស្ស៉ី ខណៈលោកខាងលិចចាត់ទុកលោក ពូទីន ជាឃាតក និងប្រទេសរុស្ស៉ីជាសត្រូវ។ កិច្ចព្រមព្រៀងនេសាទឆ្នាំ១៩៥៦ អនុញ្ញាតឱ្យទូករបស់អង់គ្លេសចូលទៅកាន់ តំបន់សម្បូរត្រីនៃសមុទ្រ Barents, ក្បែរឆ្នេរឧបទ្វីប Kola និងតាមបណ្តោយឆ្នេរកោះ Kolguyev៕
រូបភាពពី RT