(ប្រាស៉ីលីយ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដើរតួនាទីសកម្មជាងមុនដើម្បីឆ្ពោះទៅសម្រេចឱ្យបាន នូវបទឈប់បាញ់ជាបន្ទាន់ សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន អំលុងកិច្ចប្រជុំ G20 នៅឯប្រទេសប្រេស៉ីល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 នៅទីក្រុង Rio de Janeiro កាលពីថ្ងៃពុធសប្តាហ៍នេះ លោកប្រមុខការទូតតួកគី បាននិយាយថា ភាពសាហាវឃោរឃៅនៅ Gaza ចាំបាច់ត្រូវតែបញ្ឈប់ ហើយលោកបានពិភាក្សាអំពីជំហាន ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន នូវបទឈប់បាញ់បន្ទាន់មួយ ព្រមទាំងដើម្បីនាំយកជំនួយបន្ថែមទៀតទៅដល់ ដៃប្រជាជននៅដែនដីប៉ាឡេស្ទីនមួយនេះ អំឡុងជំនួបជាមួយសមភាគី មកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអេហ្ស៉ីប ជាដើម។
ទន្ទឹមគ្នានោះ លោក Fidan ក៏បានលើកឡើងផងដែរថា ការដែលការសម្រេចចិត្តស្តីពីបទឈប់បាញ់ មិនអាចត្រូវបានអនុម័តជាថ្មីម្តងទៀត ដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN) គឺស្តែងឱ្យឃើញយ៉ាងច្បាស់ថា វាចាំបាច់ដែលស្ថាប័ននេះត្រូវតែធ្វើការធ្វើកំណែទម្រង់ ដោយលោកចង់សំដៅលើ ការបោះឆ្នោតវេតូជាលើកទី៣ ពីសំណាក់សហរដ្ឋអាមេរិក លើដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ នៅក្រុមប្រឹក្សាសន្តិសុខ UN ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា តួកគីធ្លាប់បានចេញមុខជាច្រើនលើកច្រើនសា អំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់សង្រ្គាមនៅតំបន់ Gaza ដែលបានសម្លាប់មនុស្សកើនជិតដល់ ៣០,០០០នាក់ហើយ។ កន្លងមក ទីក្រុងអង់ការ៉ាបានរិះគន់ធ្ងន់ៗចំពោះអ៉ីស្រាអែល សម្រាប់ការវាយប្រហារនៅ Gaza ហើយបានគាំទ្រចំណាត់ការ ដើម្បីព្យាយាមឱ្យអ៉ីស្រាអែល ត្រូវប្រឈមមុខនឹងផ្លូវច្បាប់នៅតុលាការអន្តរជាតិ ក្រោមការចោទប្រកាន់ពី បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ថែមទៀត។
ផ្ទុយពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន និងប្រទេសអារ៉ាប់មួយចំនួន នៅតំបន់ឈូងសមុទ្រពែក្ស តួកគីដែលជាសមាជិក NATO ពុំចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវករឡើយ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់វាយប្រហារក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើអ៉ីស្រាអែល ជាហេតុនាំឱ្យអ៉ីស្រាអែល បើកប្រតិបត្តិការយោធាសងសឹកវិញ៕
រូបភាពពី Reuters