(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិនបានចេញមុខព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការវេតូដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ដែលមានគោលដៅអំពាវនាវបទឈប់បាញ់ជាបន្ទាន់ ក្នុងតំបន់ Gaza បានរុញច្រានជម្លោះនៅទីនោះ ឱ្យទៅរកស្ថានការណ៍កាន់តែគ្រោះថ្នាក់ខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងយ៉ាងដូច្នេះថា «ចិនបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់ UN ខណៈសហរដ្ឋអាមេរិក បានបោះឆ្នោតវេតូតែឯងជាថ្មីម្តងទៀត ជាហេតុបណ្តាលឱ្យស្ថានការណ៍នៅ Gaza ឆ្ពោះទៅរកសភាពកាន់តែគ្រោះថ្នាក់ខ្លាំងថែមទៀត ហើយភាគីទាំងអស់ដែលមានក្តីព្រួយបារម្ភ សុទ្ធតែបានបង្ហាញការខកបំណង និងការមិនពេញចិត្តរបស់ពួកគេ»។ លោកស្រី Mao បានបន្តថា ស្ថានការណ៍មនុស្សធម៌នៅ Gaza កំពុងតែធ្ងន់ធ្ងរទៅៗ ហើយសន្តិភាព និងស្ថិរភាពក្នុងតំបន់ បានទទួលរងការប៉ះពាល់ជាខ្លាំង។ ក្រុមប្រឹក្សាសន្តិសុខ UN ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់សង្រ្គាមនៅ Gaza ខណៈវាគឺជាកាតព្វកិច្ចសីលធម៌ ដែលមិនអាចនៅអូសបន្លាយយូរទៀតឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោនបានបោះឆ្នោតវេតូ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលផ្តួចផ្តើមដោយប្រទេសអាល់ហ្សេរី និងមានគោលដៅទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបុព្វហេតុមនុស្សធម៌ នៅតំបន់ Gaza ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន ព្រមទាំងការដោះលែងដោយគ្មានលក្ខខណ្ឌ នូវចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់យកទៅ អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ពួកហាម៉ាស។ បើតាមការអះអាងរបស់អាជ្ញាធរនៅ Gaza សង្រ្គាមសងសឹករបស់អ៉ីស្រាអែល ប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពេលនោះ គឺគិតមកទល់ពេលនេះ បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនសរុបជិត២៩,២០០នាក់ហើយ៕
រូបភាពពីអង្គការសហប្រជាជាតិ