(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា ទីក្រុងប៉េកាំងឱ្យតម្លៃចំពោះគោលជំហរ «ឯករាជ្យ» របស់ប្រទេសបារាំង ក្នុងឱកាសដែលអ្នកទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
អំឡុងជំនួបជាមួយមេដឹកនាំបារាំង ក្នុងគោលដៅចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះ នៅតំបន់អឺរ៉ុប លោក Wang បានចាត់ទុកប្រទេសទាំងពីរ ជាកម្លាំងដ៏មានសារសំខាន់បំផុត នៅក្នុងពិភពលោកពហុប៉ូល។ លោក Wang បានបន្តថា ចិននិងបារាំងគួរតែពង្រឹងកិច្ចសម្របសម្រួលយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តឱ្យកាន់តែស៉ីជម្រៅ ហើយចូលរួមចំណែកទៅក្នុងការលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសកល។ លោកប្រមុខការទូតចិន បានសង្កត់ធ្ងន់ដូច្នេះថា «ភាគីចិនឱ្យតម្លៃការប្រកាន់គោលជំហររបស់បារាំង ចំពោះគោលនយោបាយការបរទេសមួយ ដែលមានភាពឯករាជ្យ»។
គួរបញ្ជាក់ថា បារាំងនិងចិនក្នុងពេលប៉ុន្មានឆ្នាំមកនេះ បានព្យាយាមរឹតបន្តឹងចំណងទាក់ទងរវាងគ្នា ដោយរដ្ឋមន្រ្តីការបរទេសបារាំង បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយលើកឡើងថា ប្រទេសទាំងពីរចាំបាច់ត្រូវរួមគ្នាស្វះស្វែងរកចម្លើយ សម្រាប់បញ្ហាប្រឈមធំៗ។ រីឯលោក Macron ផ្ទាល់បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន កាលពីខែមេសា ឆ្នាំមុន។ កាលពីថ្ងៃអង្គារ លោក Wang ក៏បានបង្ហាញក្តីសង្ឃឹមដែរថា បារាំងនឹងបន្តដើរតួនាទីស្ថាបនា នៅក្នុងការអភិវឌ្ឍ ប្រកបដោយភាពវិជ្ជមាននិងស្ថិរភាព នៃទំនាក់ទំនងចិន-អឺរ៉ុប៕
រូបភាពពី Xinhua