(វ៉ាស៉ីនតោន)៖ ប៉ូលិសនៃសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កូនក្មេងអាយុត្រឹម៩ឆ្នាំម្នាក់នៅរដ្ឋ Utah ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីបាញ់សមាជិកគ្រួសាររបស់គេម្នាក់ត្រូវចំក្បាល និងបណ្តាលឱ្យបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្រ្តីប៉ូលិសមកពីទីក្រុង Tooele បានរួសរាន់ទៅកាន់លំនៅដ្ឋានរបស់គ្រួសារកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ថា បុរសម្នាក់បានសន្លប់បាត់បង់ស្មារតី និងមានហូរឈាមចេញពីក្បាល។ ភ្លាមៗអាជ្ញាធរបានសន្និដ្ឋានថា បុរសវ័យ៣២ឆ្នាំរូបនោះ បានរងរបួសដោយសារគ្រាប់កាំភ្លើង បាញ់ត្រូវចំក្បាល និងស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដែរ ប៉ុន្តែបានស្លាប់ពេលទៅដល់ពេទ្យ។
ការស៉ើបអង្កេតបានឈានដល់ ការចាប់ខ្លួនកុមារអាយុ៩ឆ្នាំម្នាក់ ដែលជាសមាជិកគ្រួសាររបស់ជនរងគ្រោះ ខណៈខាងប៉ូលិស មិនបានបញ្ជាក់ច្បាស់ថា តើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាឱ្យប្រាកដ ហើយក៏ពុំបានផ្តល់ខ្លឹមសារលម្អិតអ្វីបន្ថែមទៀតនោះដែរ ជុំវិញករណីបាញ់ប្រហារខាងលើ រួមមានទាំងថា តើវាកំពុងត្រូវបានស៉ើបអង្កេត ក្នុងទម្រង់ជាករណីឃាតកម្មឬយ៉ាងណា។ ក្មេងអាយុ៩ឆ្នាំនោះ មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅឡើយទេ។
គួរបញ្ជាក់ថា កាំភ្លើងតែងតែឆក់យកអាយុជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក ជាទីដែលកាំភ្លើងមានចំនួនច្រើនជាងប្រជាជនទៅទៀត។ ការស្ទង់មតិ បានបង្ហាញលទ្ធផលជាដដែលៗថា ពលរដ្ឋអាមេរិកភាគច្រើន គាំទ្រចង់ឱ្យមានច្បាប់គ្រប់គ្រង និងប្រើប្រាស់កាំភ្លើងដែលតឹងរ៉ឹងជាងមុន ប៉ុន្តែដោយសារក្រុមឡុបប៊ី (lobby) កាំភ្លើងដ៏មានឥទ្ធិពល ច្បាប់កាំភ្លើងនៅក្នុងប្រទេសមហាអំណាចមួយនេះ នៅតែមិនអាចរឹតបន្តឹងទៅបានឡើយ៕
រូបភាពពី Reuters