(រីយ៉ូ)៖ បណ្តារដ្ឋមន្រ្តីការបរទេសនៃប្រទេស G20 ត្រៀមបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ នៅក្នុងប្រទេសប្រេស៉ីល ខណៈប្រឈមនឹងភាពមិនច្បាស់លាស់ ដើម្បីសម្រេច បាននូវវឌ្ឍនភាពលើរបៀបវារៈជម្លោះ និងវិបត្តិ រាប់ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន រហូតដល់ការរីកលូតលាស់របស់ពិភពលោក។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
គេរំពឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងទៅដល់ទីក្រុង Rio de Janeiro (រីយ៉ូ) សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំនេះ។ ខណៈពិភពលោកកំពុងរងគ្រោះដោយជម្លោះ និងការបែងចែក ប្រេស៉ីលដែលទទួលតំណែងជាប្រធានប្តូរវេនរបស់ G20 បានបង្ហាញក្តីសង្ឃឹមថា លោកប្រធានាធិបតី Luiz Inacio Lula da Silva អាចបង្កើតជាវេទិកាមួយដ៏មានឥទ្ធិពល ដើម្បីស្វែងរកភាពវិជ្ជមានក្នុងចំណោមរបៀបវារៈ អន្តរជាតិ។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក Lula កាលពីថ្ងៃអាទិត្យដែលប្រដូចសកម្មភាពយោធាអ៉ីស្រាអែល នៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាលលើជនជាតិជ្វីហ្វ ក្នុងសម័យសង្គ្រាមលោកលើកទី ២ បាននិងកំពុងដុតបច្ឆេះកំដៅផ្នែកការទូតទៅវិញ។
បើតាមមន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិមួយរូប គឺលោក Igor Lucena ប្រាប់ AFP «ប្រសិនបើលោក Lula ស្រមៃថានឹងអាចស្នើរកដំណោះស្រាយសន្តិភាព ជុំវិញបញ្ហាអ៉ីស្រាអែល ឬអ៊ុយក្រែន នោះស្មើនឹងលោកលែងទទួលស្គាល់បញ្ហាហើយ»។ ទស្សនវិស័យនេះ ក៏ស្រដៀងគ្នាទៅនឹងបញ្ហារុស្ស៉ី-អ៊ុយក្រែនដែរ ខណៈសមាជិក G20 ឥឡូវនេះកំពុងបែកខ្ញែក។
គួរបញ្ជាក់ថា ទោះបីជាមានការជំរុញពីបណ្តាប្រទេសលោកខាងលិច ឱ្យថ្កោលទោសសង្រ្គាមឈ្លានពារបស់រុស្ស៉ី ក៏កិច្ចប្រជុំ G20 ឆ្នាំមុន នៅក្នុងទីក្រុងញូវដេលី បានបញ្ចប់ទៅដោយសេចក្តីថ្លែងការណ៍ស្រពេចស្រពិល ដែលមានតែការថ្កោលទោសលើការប្រើកម្លាំងយោធា ហើយមិនបញ្ចេញឈ្មោះរុស្ស៉ីនោះទេ៕
រូបភាពពី AFP