(បាងកក)៖ កងកម្លាំងសន្តិសុខឡាវ និងថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមព្រំដែន ក្នុងគោលបំណងដើម្បីកាត់បន្ថយសកម្មភាពឧក្រិដ្ឋកម្មនៅតាមព្រំដែនរួមគ្នា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ទូរទស្សន៍កងទ័ពឡាវបានរាយការណ៍នៅថ្ងៃអង្គារនេះថា កិច្ចប្រជុំនៃអនុគណៈកម្មាធិការសហប្រតិបត្តិការលើការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនឡាវ-ថៃ បានប្រព្រឹត្តទៅនៅខេត្តហ្លួងប្រាបាងភាគខាងជើងប្រទេសឡាវ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។
របាយការណ៍បានបញ្ជាក់ថា កងកម្លាំងសន្តិសុខឡាវ និងថៃមានសេចក្តីសោមនស្សរីករាយ ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក ដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឲ្យប្រសើរឡើងនូវស្ថិរភាពនៅតំបន់ព្រំដែន។
ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ចែករំលែកព័ត៌មាន និងចាត់វិធានការចាំបាច់ស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពង្រឹងការអនុវត្តច្បាប់នៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន។
យោងតាមរបាយការណ៍ ភាគីទាំងពីរក៏បានឯកភាពសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អំពីច្បាប់ទាក់ទងនឹងការឆ្លងដែន និងសកម្មភាពខុសច្បាប់ផងដែរ៕
រូបភាពពី CHINA DAILY