(ញូវយ៉ក)៖ សហរដ្ឋអាមេរិក បានស្នើឡើងនូវសេចក្តីព្រាងដំណោះស្រាយមួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សា និងបានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការវាយលុកជើងគោកនៅទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ចំណាត់ការនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់សញ្ញាថា ខ្លួននឹងប្រសិទ្ធិវេតូចំពោះសេចក្តីព្រាងដំណោះស្រាយ ដែលស្នើដោយប្រទេសអាល់ហ្សេរី ដែលបានទាមទារឱ្យមានផ្អាកបាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា។
រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការប្រើប្រាស់ពាក្យ «បទឈបបាញ់» នៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ប៉ុន្តែមានសេចក្តីរាយការណ៍ថា ប្រធានាធិបតី Joe Biden បានប្រើពាក្យសម្តីនេះ ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ។
សេចក្តីព្រាងដំណោះស្រាយចែងថា «ក្រុមប្រឹក្សាសន្តិសុខបញ្ជាក់ការគាំទ្ររបស់ខ្លួន ចំពោះបទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដោយផ្អែកលើរូបមន្តនៃការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយអំពាវនាវឱ្យមានការលើកចេញនូវរាល់ឧបសគ្គ ដែលរារាំងការផ្តល់ជំនួយមនុស្សធម៌ក្នុងទ្រង់ទ្រាយធំផងដែរ»។
ការចរចាលើសេចក្តីព្រាងដំណោះស្រាយរបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ប៉ុន្តែវាមិនច្បាស់ថានៅពេលណាទេ។ នៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋជាសមាជិក
ត្រូវ «យល់ព្រមទទួលយក និងអនុវត្ត» នូវសេចក្តីសម្រេចដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ ផ្ទុយពីសេចក្តីសម្រេចដែលធ្វើឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមិនជាប់កាតព្វកិច្ច។
នេះជាលើកទីមួយហើយដែលសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សា នៅឯអង្គការសហប្រជាជាតិ ដោយពីមុនខ្លួនតែងតែប្រើសិទ្ធិវេតូ នៅពេលសេចក្តីព្រាងបានប្រើពាក្យបទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
សេចក្តីព្រាងច្បាប់របស់អាមេរិកក៏ចែងផងដែរថា ការវាយលុកក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុង Rafah នឹងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកាន់តែច្រើន និងនាំឱ្យមានការផ្លាស់ទីលំនៅបន្ថែមទៀត ហើយវាក៏នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ផងដែរ៕
រូបភាពពី Reuters