(ណៃពិដោ)៖ ប្រភពពីមន្រ្តីយោធាមីយ៉ាន់ម៉ាបានឱ្យដឹងថា របបសឹកនៃប្រទេសអាស៊ានមួយនេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិត លើមន្រ្តីយោធាជាន់ខ្ពស់៣រូប ដែលបានទម្លាក់អាវុធចុះចាញ់ហើយបោះបង់ក្រុងយុទ្ធសាស្រ្តមួយ នៅព្រំប្រទល់ជាប់ប្រទេសចិន ឱ្យទៅក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច កាលពីខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
កាលពីខែមករា ឆ្នាំ២០២៤នេះ កងកម្លាំងយោធាមីយ៉ាន់ម៉ារាប់រយនាក់ បាននាំគ្នាទម្លាក់អាវុធចុះរួចប្រគល់ក្រុងឈ្មោះ Laukkai ស្ថិតក្នុងរដ្ឋ Shan ឱ្យទៅសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច Three Brotherhood Alliance បន្ទាប់ពីមានការប្រយុទ្ធតទល់គ្នាអស់រយៈពេលជាច្រើនខែ ដែលបានមើលឃើញខាងយោធាបាត់បង់ទឹកដីជាបន្តបន្ទាប់។ ការបោះបង់ក្រុងខាងលើ គឺជាការបាត់បង់ធំធេងបំផុតមួយ សម្រាប់យោធាមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍មកនេះ ហើយបានបង្កឱ្យមានការរិះគន់បន្ថែមទៀត លើថ្នាក់ដឹកនាំនៃរបបយោធា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់ខ្លួន។
ក្រោយទម្លាក់អាវុធចុះចាញ់ ក្រុមមន្រ្តីយោធាជាន់ខ្ពស់ទាំងនោះ និងពលទាហានរបស់ពួកគេ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នោះ។ ប្រភពពីយោធាមីយ៉ាន់ម៉ា ដែលទីភ្នាក់ងារព័ត៌មាន AFP ទទួលបានកាលពីចន្ទសប្តាហ៍នេះ បានបង្ហើបឱ្យដឹងថា ឧត្តមសេនីយ៍ត្រី៣នាក់ ក្នុងនោះមានទាំងមេបញ្ជាការប្រចាំក្រុង Laukkai ផ្ទាល់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត។ មិនតែប៉ុណ្ណោះ ឧត្តមសេនីយ៍ត្រី៣នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងករណីបោះបង់ក្រុង Laukkai។
គួរបញ្ជាក់ថា Laukkai គឺជាក្រុងធំបំផុតដែលត្រូវដណ្តើមបានដោយសម្ព័ន្ធភាព Three Brotherhood Alliance ដែលរួមមានចលនា Myanmar National Democratic Alliance Army (MNDAA), Arakan Army (AA) និង Ta'ang National Liberation Army (TNLA)។ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ទាំង៣នេះ បានរួមគ្នាឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំ នៅពាសពេញតំបន់ព្រំដែនភាគខាងជើងមីយ៉ាន់ម៉ា កាលពីចុងខែតុលា ឆ្នាំមុន ហើយកាន់កាប់បានក្រុងជាច្រើន រួមជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតាមបណ្តោយព្រំប្រទល់ជាមួយចិន៕
រូបភាពពី AFP