(ឡាអេ)៖ អ្នកតំណាងរបស់ប៉ាឡេស្ទីន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានស្នើទៅកាន់ចៅក្រមនៃតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ឱ្យបញ្ចប់សកម្មភាព អាណានិគមរបស់អ៉ីស្រាអែលលើដែនដីប៉ាឡេស្ទីនដោយខុសច្បាប់ ដោយនិយាយថាយោបល់ចៅក្រមនៃតុលាការជាន់ខ្ពស់នេះ នឹងរួមចំណែកដល់ដំណោះស្រាយ រដ្ឋពីរ ក៏ដូចជាការបង្កើតសន្តិភាពយូអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
សំណើនេះត្រូវបានលើកឡើងពេលបើកសវនាការ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ដោយមហាសន្និបាត UN ស្វែងរកការប្រឹក្សាយោបល់ ឬមតិដែលមិនមានលក្ខណៈបង្ខំឱ្យអនុវត្តតាមនោះទេ ស្ដីពីការកាន់កាប់របស់អ៉ីស្រាអែល កាលឆ្នាំ២០២២។ ប្រទេសជាង ៥០នឹងត្រូវបង្ហាញអំណះអំណាង រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។
អ្នកតំណាងប៉ាឡេស្ទីននៅ UN លោក Riad Mansour បានគូសបញ្ជាក់ថា «យើងសូមបញ្ជាក់ដល់អ្នកទាំងអស់គ្នាថា វត្តមានរបស់អ៉ីស្រាអែលនៅលើទឹកដី ប៉ាឡេស្ទីន គឺខុសច្បាប់។ ការកាត់ក្តីពីសំណាក់តុលាការអន្តរជាតិនាពេលនេះ នឹងរួមចំណែកដល់ការដកចេញនូវសកម្មភាពគ្រប់គ្រងរបស់អ៉ីសា្រអែល ត្រួសត្រាយផ្លូវទៅរកសន្តិភាពពិតប្រាកដយូអង្វែង ហើយបង្កើតអនាគតឱ្យប៉ាឡេស្ទីន គ្មានការកាប់សម្លាប់ពីអ៉ីសា្រអែល និងរដ្ឋពីររស់នៅក្បែរគ្នា ប្រកបដោយសន្តិភាព»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាចៅក្រម ១៥រូបនៃ ICJ ត្រូវបានស្នើឱ្យពិនិត្យឡើងវិញលើការកាន់កាប់ ការតាំងទីលំនៅ និងការបញ្ចូលឧបសម្ព័ន្ធ រួមទាំងវិធានការនានា របស់អ៉ីសា្រអែល ក្នុងគោលបំណងផ្លាស់ប្តូរសមាសភាពប្រជាសាស្រ្ត ចរិតលក្ខណៈ និងស្ថានភាពនៃទីក្រុង ហ៊្សេរុយសាឡិម ក៏ដូចជាការអនុម័តច្បាប់ ឬវិធានាការរើសអើងផ្សេងទៀត។
អ៉ីស្រាអែល មិនបានចូលរួមក្នុងសវនាការនោះទេ ប៉ុន្តែបានផ្ញើរសេចក្តីថ្លែងការណ៍ ៥សន្លឹកដែលមានខ្លឹមសារថា មតិយោបល់មួយ នឹងបង្ករគ្រោះថ្នាក់ ចំពោះបំណងដោះស្រាយជម្លោះ ពីព្រោះសំណួរដែលមហាសន្និបាតចោទសួរឡើង គឺមានលក្ខណៈរើសអើង៕
រូបភាពពី Reuters