Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់ ចេញមុខដឹកនាំ EU អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី ជុំវិញការស្លាប់នៃមេដឹកនាំបក្សប្រឆាំង លោក Navalny (Video inside)

20-02-2024 11:43

(បែរឡាំង)៖ សហភាពអឺរ៉ុប (EU) ត្រូវបានគេមើលឃើញថាកាន់តែជិតឈានទៅដល់ការដាក់ចេញនូវទណ្ឌកម្មបន្ថែមលើរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជុំវិញករណីស្លាប់នៃមេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៉ី លោក Navalny។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤។

អាល្លឺម៉ង់ លីទុយអានី និងស៊ុយអែត ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យមានចំណាត់ការជាក់លាក់ថ្មីមួយទៀតប្រឆាំងរុស្ស៉ី ជុំវិញ ការស្លាប់របស់លោក Navalny។ ការអំពាវនាវធ្វើឡើងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EU ទាំង២៧រូប ដើម្បីពិភាក្សាអំពីការដាក់ចេញកញ្ចប់ទណ្ឌកម្មថ្មី នៅថ្ងៃខួបនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ បណ្តាប្រមុខការទូត EU បានស្នើឡើងថា ក្រុមមន្រ្តីនៅពន្ធនាគាររុស្ស៉ីដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក Navalnyនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃអ្នកដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ។ យ៉ាងនេះក្តី ហុងគ្រី ដែលនៅតែជាសមាជិក EU ចុងក្រោយគេ ត្រូវសម្រេចលើសំណើនោះ និយាយថានឹងមិនគាំទ្រកញ្ចប់ទណ្ឌកម្មទី ១៣នេះទេ។

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock រំពឹងថាសមាជិកទាំង ២៧របស់ EU នឹងឯកភាពគ្នា ដាក់ចេញនូវកញ្ចប់ទណ្ឌកម្មថ្មីនេះ ក្នុងពេលឆាប់ៗ ដែលក្រុមមន្រ្តី EU ថាអាចធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។

គួរបញ្ជាក់ថា ភ្លាមៗនេះ នៅមិនទាន់មានការកំណត់ជាក់លាក់ណាមួយ ដែលដាក់គោលដៅលើសេដ្ឋកិច្ចរបស់រុស្ស៉ីទេ ហើយក្រុមមន្រ្តីការទូតសហភាពអឺរ៉ុប និយាយថា មកដល់ពេលនេះ ទណ្ឌកម្មថ្មីទាក់ទងនឹងការស្លាប់របស់លោក Navalny ក៏មិនទាន់ចេញនៅឡើយដែរ៕

រូបភាពពី Reuters