(មូស្គូ)៖ អ្នកនាំពាក្យលោក Alexei Navalny បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមអ្នកស៉ើបអង្កេតរុស្ស៉ី នៅតែពុំទាន់អាចបញ្ជាក់ជាផ្លូវការ អំពីមូលហេតុនៃការស្លាប់ របស់មេបក្សប្រឆាំងរូបនេះ ហើយក៏មិនទាន់ច្បាស់ដែរថា តើវានឹងត្រូវចំណាយពេលយូរប៉ុនណា ដើម្បីឈានដល់សេចក្តីសន្និដ្ឋានផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អាជ្ញាធរពន្ធនាគាររុស្ស៉ី បានអះអាងថា លោក Navalny ដែលមានវ័យ៤៧ឆ្នាំ នៅសុខៗស្រាប់តែដួលសន្លប់បាត់បង់ស្មារតី ហើយទទួលមរណភាពតែម្តង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយដើរហាត់ប្រាណក្នុងពន្ធនាគារមួយកន្លែង នៅក្រុង Kharp ចម្ងាយប្រហែល១,៩០០គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីមូស្គូ និងជាទីដែលរូបលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារ សរុបចំនួន៣ទសវត្សរ៍។
បើតាមអ្នកនាំពាក្យលោក Navalny ម្តាយរបស់លោក និងក្រុមមេធាវីត្រូវបានជូនដំណឹងថា លទ្ធផលផ្ទៀងផ្ទាត់ផ្លូវការពាក់ព័ន្ធ មូលហេតុនៃការស្លាប់របស់លោក ត្រូវបានពន្យារពេល ហើយមិនច្បាស់ឡើយថា តើវានឹងត្រូវប្រើពេលវេលាយូរប៉ុនណានោះ។ មកទល់ពេលនេះ ទាំងម្តាយនិងក្រុមមេធាវីរបស់លោក Navalny ក៏ពុំទាន់ត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់កន្លែងរក្សាសាកសពរបស់លោកដែរ។
គួរបញ្ជាក់ថា មរណភាពរបស់លោក Navalny នាពេលនេះ ធ្វើឱ្យក្រុមប្រឆាំងនៅរុស្ស៉ី ត្រូវបាត់បង់មេដឹកនាំលេចធ្លោបំផុតរបស់ខ្លួន ស្របពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតសកល នាខែមីនា ខាងមុខ។ ក្រោយការមរណភាពរបស់លោក មនុស្សយ៉ាងហោចជាង៤០០នាក់ ត្រូវបានឃាត់ខ្លួន កាលពីចុងសប្តាហ៍មុន អំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំ នៅតាមទីក្រុងនានាទូទាំងប្រទេសរុស្ស៉ី៕
រូបភាពពី AFP