(តូក្យូ)៖ នាថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានទទូចឱ្យរដ្ឋាភិបាលក៏ដូចជាវិស័យឯកជនជប៉ុន បង្កើនការជួយគាំទ្រសម្រាប់កិច្ចប្រឹងប្រែងកសាងប្រទេសរបស់លោកឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទមួយដែលមានការចូលរួមពីសំណាក់ មន្រ្តី ថ្នាក់ដឹកនាំរដ្ឋាភិបាល និងធុរកិច្ចសរុប៣០០នាក់ មកពីប្រទេសជប៉ុននិងអ៊ុយក្រែន នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal បាននិយាយដូច្នេះថា «ចាប់តាំងពីសង្រ្គាមឈ្លានពានបានចាប់ផ្តើមមក ជប៉ុនបានផ្តល់ឱ្យអ៊ុយក្រែននូវជំនួយគាំទ្រចម្រុះ សរុបជាទឹកប្រាក់លើស ១០ពាន់លានដុល្លារ។ ដោយសារការផ្តល់មូលនិធិនេះ អំលុងសង្រ្គាមយ៉ាងអាក្រក់នេះ ដែលបង្កឡើងដោយរុស្ស៉ី ទើបប្រជាជនអ៊ុយក្រែនរាប់លាននាក់ អាចនៅរស់រានមានជីវិត»។
លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែនបានបន្តទៀតថា «វិស័យឯកជនគឺជាក្បាលម៉ាស៉ីនចម្បង សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ នៅអ៊ុយក្រែន។ យើងចង់បន្តធ្វើការរួមគ្នាជាមួយជប៉ុន លើកិច្ចខិតខំធ្វើទំនើបកម្មនិងកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាក្លាយជាផ្នែកនៃអព្ភូតហេតុសេដ្ឋកិច្ចមួយសម្រាប់អ៊ុយក្រែន»។ ជប៉ុនគឺជាប្រទេសដែលបានបរិច្ចាគជំនួយ ធំជាងគេលំដាប់ទី៤ របស់អ៊ុយក្រែន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍រួមកាលពីសប្តាហ៍មុន ដោយរដ្ឋាភិបាលអ៊ុយក្រែន ធនាគារពិភពលោក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញនៅអ៊ុយក្រែន នឹងត្រូវចំណាយថវិកាខ្ទង់៤៨៦ពាន់លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ក្នុងនោះ១៥ពាន់លានដុល្លារ គឺសម្រាប់ឆ្នាំ២០២៤នេះ តែឯងប៉ុណ្ណោះ៕
រូបភាពពី Reuters