(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា រូបលោកបានពិភាក្សាអំពីក្តីសង្ឃឹមនៃសន្តិភាពសម្រាប់សង្រ្គាមរយៈពេលជិត២ឆ្នាំមកនេះ ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Kuleba បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «ខ្ញុំទើបតែបានជួបសមភាគីចិនរបស់ខ្ញុំ គឺលោក វ៉ាង យី ហើយពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងភាពចាំបាច់ក្នុងការស្តារសុខសន្តិភាព ដែលយុត្តិធម៌និងយូរអង្វែងនៅអ៊ុយក្រែនឡើងវិញ»។ ប្រមុខការទូតនៃប្រទេសទាំងពីរ បានជួបគ្នាអំលុងព្រឹត្តិការណ៍សន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់។
យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃអាទិត្យនេះ ដោយក្រសួងការបរទេសចិន អំលុងការថ្លែងសុន្ទរកថា ក្នុងសន្និសីទខាងលើ លោក វ៉ាង បានលើកឡើងថា ចិនបានបន្តពុះពារលើកកម្ពស់កិច្ចពិភាក្សាស្វែងរកសន្តិភាព ក៏ដូចជាប្រឹងប្រែងដើរតួនាទីប្រកបដោយភាពវិជ្ជមាន ក្នុងការជួយស្តារសុខសន្តិភាពឡើងវិញ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានព្យាយាមបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ដើម្បីឱ្យផ្តល់ការគាំទ្រចំពោះផែនការសន្តិភាពរបស់ខ្លួន ដែលផ្តោតជាចម្បងលើ ការដកកងកម្លាំងរុស្ស៉ីទាំងអស់ ចេញពីទឹកដីអ៊ុយក្រែនដែលកំពុងស្ថិតក្រោមការត្រួតត្រា, ការស្តារឡើងវិញនូវព្រំប្រទល់ក្រោយសម័យសូវៀតឆ្នាំ១៩៩១ និងការបង្កើតក្របខណ្ឌមួយ ដើម្បីឱ្យរុស្ស៉ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន៕
រូបភាពពីគណនី X របស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន