(ប៉េកាំង)៖ ឆ្មាំសមុទ្រចិននាថ្ងៃអាទិត្យនេះ បាននិយាយថា ខ្លួននឹងពង្រឹងសកម្មភាពអនុវត្តច្បាប់ ហើយធ្វើការល្បាតជាប់ជាប្រចាំ នៅជុំវិញទីប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ កៀកនឹងឆ្នេរសមុទ្ររបស់ប្រទេសចិន ខណៈភាពតានតឹងរវាងភាគីទាំងពីរបានកើនឡើងថែមទៀត ក្រោយមានឧប្បត្តិហេតុដែលបណ្តាលឱ្យ ជនជាតិចិន២នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តៃវ៉ាន់បាននិយាយការពារសកម្មភាពរបស់ឆ្មាំសមុទ្រខ្លួន បន្ទាប់ពីមនុស្ស២នាក់ នៅលើទូកល្បឿនលឿនចិន១គ្រឿង ដែលជិះមកកៀកកោះរបស់តៃវ៉ាន់ខ្លាំងពេក បានបាត់បង់ជីវិត នៅពេលទូកពួកគេក្រឡាប់លិច បន្ទាប់ពីព្យាយាមរត់គេចពីនាវារបស់ឆ្មាំសមុទ្រតៃវ៉ាន់។ ប៉ុន្មានឆ្នាំមកនេះ តៃវ៉ាន់បានត្អូញត្អែរអំពីទូកនេសាទនិងយានដទៃទៀតរបស់ចិន ធ្វើប្រតិបត្តិការនៅក្នុងដែនទឹក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ជាពិសេសនៅក្បែរៗទីប្រជុំកោះ Kinmen និង Matsu ដែលនៅកៀកនឹងឆ្នេរសមុទ្ររបស់ប្រទេសចិន។
ចិនបានថ្កោលទោសសកម្មភាពរបស់តៃវ៉ាន់ ខណៈឧប្បត្តិហេតុនោះបានកើតឡើង នៅក្បែរកូនកោះ Beiding នៃទីប្រជុំកោះ Kinmen។ ឆ្មាំសមុទ្រចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នឹងពង្រឹងសកម្មភាពអនុវត្តច្បាប់ នៅតាមដែនសមុទ្រ ហើយធ្វើប្រតិបត្តិការល្បាតនិងអធិការកិច្ចជាប់ជាប្រចាំ នៅក្នុងដែនទឹកក្បែរបរិវេណទីប្រជុំកោះ Kinmen របស់តៃវ៉ាន់ និងទីក្រុង Xiamen របស់ចិន។
គួរបញ្ជាក់ថា ទីប្រជុំកោះ Kinmen និង Matsu បានស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមស៉ីវិលចិន នៅឆ្នាំ១៩៤៩ ពេលដែលកងកម្លាំងរបស់លោក ចាង ខៃចៀក បានរត់ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ក្រោយចាញ់កងកម្លាំងលោក ម៉ៅ សេទុង។ Kinmen ធ្លាប់ជាទីតាំងនៃការប៉ះទង្គិចគ្នាញឹកញាប់ រវាងទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិ អំលុងសម័យសង្រ្គាមត្រជាក់ ប៉ុន្តែសព្វថ្ងៃជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ ទោះជាបែបនេះក្តី កូនកោះជាច្រើនដែលជាផ្នែកនៃទីប្រជុំកោះនេះ ត្រូវបានយោធាតៃវ៉ាន់រឹតបន្តឹងការការពារជាខ្លាំង ហើយមិនអនុញ្ញាតឱ្យជនស៉ីវិលចេញចូលបានឡើយ៕
រូបភាពពី Reuters