(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការអំពាវនាវកុំឱ្យប្រទេសរបស់លោក ធ្វើសកម្មភាពយោធាវាយលុកចូលទីក្រុង Rafah គឺស្មើនឹងមានន័យថា អ៉ីស្រាអែលបរាជ័យក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Netanyahu ដែលបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងកម្ទេចក្រុមហាម៉ាស ដើម្បីសងសឹកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកលើអ៉ីស្រាអែល ក៏បានឱ្យសញ្ញាផងដែរថា កងកម្លាំងអ៉ីស្រាអែល នឹងនៅតែវាយលុកចូលទីក្រុង Rafah ដោយមិនខ្វល់ថា កិច្ចចរចាស្វែងរកការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ទទួលបរាជ័យឬក៏ជោគជ័យ នោះឡើយ។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តធំរបស់អ៉ីស្រាអែល បានចេញមុខសម្តែងក្តីបារម្ភចំពោះផែនការវាយលុកទីក្រុង Rafah ប៉ុន្តែត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបន្តបញ្ជូន អាវុធឱ្យអ៉ីស្រាអែល។
គួរបញ្ជាក់ថា អ៉ីស្រាអែលកំពុងប្រឈមមុខនឹង ការអំពាវនាវកាន់តែខ្លាំងឡើងៗពីអន្តរជាតិ រួមទាំងអាមេរិក កុំឱ្យបញ្ជូនកងទ័ពចូលវាយលុកទីក្រុង Rafah ដែលស្ថិតនៅព្រំប្រទល់ភាគខាងត្បូងនៃតំបន់ Gaza Strip និងជាទីដែលជនជាតិប៉ាឡេស្ទីនប្រហែល១.៤លាននាក់ បាននាំគ្នារត់ភៀសខ្លួនទៅជ្រកកោន ដើម្បីគេចចេញពីការប្រយុទ្ធគ្នា៕
រូបភាពពី AFP