(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានរិះគន់ចៅក្រមនៃតុលាការនៅទីក្រុង New York ដែលបានសម្រេច​ឱ្យរូបលោក ត្រូវបង់ប្រាក់ពិន័យចំនួន៣៥៤.៩លានដុល្លារ សម្រាប់អំពើឆបោកដោយបំប៉ោងទំហំទ្រព្យសម្បត្តិរបស់លោក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរ ក្នុងការខ្ចីលុយពីធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីចៅក្រមតុលាការ New York លោក Arthur Engoron បានប្រកាសដាក់ការពិន័យហិរញ្ញវត្ថុដ៏ធំ​ខាងលើ ចំពោះរូបលោក លោក ត្រាំ បានអះអាងថា ចៅក្រមអាមេរិករូបនោះ គឺជាផ្នែកនៃផែនការមួយរបស់ក្រុមឆ្វេងនិយម ដែលមានគោលដៅ​រារាំងលោក មិនឱ្យក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី។ លោក ត្រាំ ក៏ត្រូវបានហាមឃាត់ មិនឱ្យកាន់តំណែងជាមន្ត្រី ឬជានាយក ក្រុមហ៊ុនណាមួយក្នុងទីក្រុង New York រយៈពេល៣ឆ្នាំ ថែមទៀតផង។

ពាក្យបណ្ដឹងប្រឆាំងលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងអគ្គរដ្ឋអាជ្ញាក្រុង New York លោកស្រី Letitia James ដែលបានចោទប្រកាន់ អតីតប្រធានាធិបតីអាមេរិករូបនេះ និងគ្រួសាររបស់លោកថា បានបំប៉ោងទ្រព្យសម្បត្តិ ៣.៦ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេលមួយទសវត្សរ៍ ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរ ក្នុងការខ្ចីលុយពីធនាគារ។ ប៉ុន្តែ លោក ត្រាំ បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា លោកមិនបានប្រព្រឹត្តខុសអ្វីឡើយ និងបានចាត់ទុកបណ្ដឹងប្រឆាំងរូបលោកគឺជា ចេតនានយោបាយរបស់លោកស្រី James ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ។ ក្រៅពីនេះ លោក ត្រាំ ក៏នៅជាប់រឿងក្តីក្តាំង​ព្រហ្មទណ្ឌថ្នាក់រដ្ឋនិងសហព័ន្ធមួយចំនួនទៀត ផងដែរ។

គួរបញ្ជាក់ថា​ លោក ត្រាំ ធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ លោកបានចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធីបតីឆ្នាំ២០២០។ យ៉ាងណាមិញ សម្រាប់ការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ត្រាំ ត្រូវគេរំពឹងខ្ពស់ថា នឹងជាប់ជាបេក្ខជនតំណាងបក្សសាធារណរដ្ឋ ហើយឡើងទៅសងសឹកនឹងលោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យសាជាថ្មី ដើម្បីប្រជែងយកតំណែង​ប្រធានាធិបតីអាមេរិក៕

រូបភាពពី AFP