(មូស្គូ)៖ ក្រុមការពារសិទ្ធិមនុស្សបានឱ្យដឹងថា មនុស្សជាង៤០០នាក់ត្រូវបានឃាត់ខ្លួន អំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំនៅតាមទីក្រុងសរុបចំនួន៣២ ទូទាំងប្រទេសរុស្ស៉ី ក្រោយការស្លាប់របស់លោក Alexei Navalny ដែលជាគូប្រជែងលេចធ្លោជាងគេបង្អស់ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
អាជ្ញាធរពន្ធនាគាររុស្ស៉ី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Navalny អាយុ៤៧ឆ្នាំ បានសន្លប់បាត់បង់ស្មារតីរួចទទួលមរណភាពតែម្តង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយដើរហាត់ប្រាណ ក្នុងពន្ធនាគារមួយកន្លែងនៅតំបន់អាកទិច ជាទីដែលរូបលោកកំពុងអនុវត្តទោស ជាប់ពន្ធនាគាររយៈពេលសរុបទាំងអស់៣ទសវត្សរ៍។ក្រុមគ្រូពេទ្យបានព្យាយាមជួយដែរ តែមិនអាចសង្រ្គោះជីវិតលោកបាន។ មូលហេតុជាក់លាក់នៃការស្លាប់ មិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ ខណៈគណៈកម្មាធិការស៊ើបអង្កេតមួយរបស់រុស្ស៉ី ថាខ្លួនបានបើកការស៊ើបអង្កេតហើយ៕
ក្រុម OVD-Info ដែលរាយការណ៍ពីស្ថានភាពសេរីភាព នៃការជួបជុំប្រមូលផ្តុំក្នុងប្រទេសរុស្ស៉ី បានអះអាងថា ការឃាត់ខ្លួនច្រើនជាងគេ គឺត្រូវបានធ្វើឡើងនៅទីក្រុង St Petersburg និងរដ្ឋធានីមូស្គូ ជាទីដែលលោក Navalny មានអ្នកគាំទ្រច្រើន។ បើតាមប្រភពដដែល មនុស្សយ៉ាងហោចជាង២០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងទីក្រុង St Petersburg។ វាគឺជាការឃាត់ខ្លួនមនុស្សច្រើនបំផុត អំឡុងព្រឹត្តិការណ៍ពាក់ព័ន្ធនយោបាយនៅប្រទេសរុស្ស៉ី គិតចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០២២មក ជាពេលដែលមនុស្សជាង ១,៣០០នាក់ ត្រូវបានឃាត់ខ្លួន អំឡុងបាតុកម្មប្រឆាំងការកែនកងទ័ពបម្រុង ដើម្បីបញ្ជូនទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា មរណភាពរបស់លោក Navalny នាពេលនេះ ធ្វើឱ្យក្រុមប្រឆាំងនៅរុស្ស៉ី ត្រូវបាត់បង់មេដឹកនាំលេចធ្លោបំផុតរបស់ខ្លួន ស្របពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតសកល នាខែមីនា ខាងមុខ៕
រូបភាពពី Reuters