(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសាទរការដែលកងទ័ពរបស់លោក ដណ្តើមកាន់កាប់បាន​ទីក្រុង Avdiivka នៅភាគខាងកើតអ៊ុយក្រែន ដោយហៅវាថាជាជ័យជម្នះយ៉ាងសំខាន់មួយ បន្ទាប់ពីអ៊ុយក្រែនបានលើកទ័ពដកថយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ការកាន់កាប់ទីក្រុង Avdiivka គឺជាការដណ្តើមបានទឹកដីគួរឱ្យកត់សម្គាល់ជាងគេបំផុត សម្រាប់កងកម្លាំងរុស្ស៉ី គិតចាប់តាំងតែពី​ការវាយដណ្តើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ២០២៣។ វិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ពូទីន បានផ្ញើសារអបអរសាទរយោធានិងពលទាហានយើង ក្នុងឱកាសទទួលជ័យជម្នះ និងជោគជ័យយ៉ាងសំខាន់នេះ»។

ទីក្រុងមូស្គបានចាប់ផ្តើមផ្តោតការវាយលុកលើទីក្រុង Avdiivka ដែលស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីទីក្រុង Donetsk នៃតំបន់ Donetsk របស់អ៊ុយក្រែន កាលពីខែតុលា ឆ្នាំមុន។​ ក្នុងសប្តាហ៍នេះ ទីក្រុងកៀវបានប្រកាសថា ខ្លួនបានសម្រេចដកកងទ័ពចេញពីទីក្រុង Avdiivka ក្រោមហេតុផលកាត់បន្ថយចំនួនបរិក្ខារយោធាដែលត្រូវបាត់បង់ និងកងទ័ពដែលត្រូវពលីជីវិត ស្របពេលដែលឥឡូវកំពុងខ្វះខាតធនធាន។

គួរបញ្ជាក់ថា នាពេលនេះរុស្ស៉ីបានវិលមកស្ថិតក្នុងជំហរវាយលុកសាជាថ្មីឡើងវិញ នៅភាគខាងកើតអ៊ុយក្រែន ខណៈអ៊ុយក្រែន កំពុងប្រឈមបញ្ហា​ខ្វះខាតសម្ភារៈនិងកងទ័ព ចំពោះមុខការបង្អែបង្អង់ផ្តល់ជំនួយដ៏ចាំបាច់ ពីសំណាក់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បូករួមទាំងការលំបាកក្នុងការ​កែនកងទ័ពបន្ថែមទៀត។ ស្ថានភាពសមរភូមិជួរមុខក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺសឹងតែគ្មានការប្រែប្រួលអ្វីឡើយ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ លើកលែងតែការដណ្តើមបានទីក្រុង Bakhmut ដោយកងទ័ពរុស្ស៉ី កាលពីខែឧសភា ឆ្នាំមុន៕

រូបភាពពី Sputnik