(បែរឡាំង)៖ ប្រធានគណៈកម្មាការ លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃសៅរ៍នេះថា គណៈកម្មការអឺរ៉ុបនឹងបង្ហាញគម្រោងផែនការយុទ្ធសាស្ត្រស្តីពីឧស្សាហកម្មការពារជាតិ ក្នុងពេលបីសប្តាហ៍ទៀត ហើយក៏នឹងមានការបើកការិយាល័យច្នៃប្រឌិតផ្នែកការពារជាតិមួយ នៅអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោកស្រី von der Leyen បានប្រាប់សមាជិកមួយក្រុមនៅឯសន្និសីទស្តីពីសន្តិសុខទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ថា អឺរ៉ុបត្រូវតែបង្កើនសមត្ថភាពមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន។ គម្រោងខាងលើនេះមានបំណងបង្កើនការចំណាយលើវិស័យការពារជាតិ ជាមួយនិងលទ្ធកម្មរួមគ្នា ក៏ដូចជាកិច្ចព្រមព្រៀងដើម្បីធ្វើឧស្សាហកម្ម និងអន្តរប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរបស់អឺរ៉ុបកាន់តែប្រសើរឡើង រួមទាំងផ្តោតលើការចំណាយនៅអឺរ៉ុបដើម្បីរក្សាការងារល្អសម្រាប់អ្នកជាប់ពន្ធក្រោមគម្រោងនេះ។

លោកស្រី von der Leyen បានបន្ថែមថា អ៊ុយក្រែនក៏ត្រូវតែដាក់បញ្ចូលទៅក្នុងកម្មវិធីការពារជាតិរបស់អឺរ៉ុបផងដែរ ខណៈរុស្ស៉ីកំពុងបំពានអ៊ុយក្រែន ដោយប្រើកម្លាំងទាហាន និងអាវុធដែលផលិតនៅកូរ៉េខាងជើង និងអ៉ីរ៉ង់។ ខាងផ្នែកជំនួយហិរញ្ញវត្ថុវិញ លោកស្រី von der Leyen និយាយថា វាអាស្រ័យលើសហរដ្ឋអាមេរិកក្នុងការអនុម័តសេចក្តីព្រាងច្បាប់មួយដែលបច្ចុប្បន្នជាប់គាំងនៅសភា ដើម្បីផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងខែកុម្ភៈនេះ សហភាពអឺរ៉ុបបានយល់ព្រមផ្តល់កញ្ចប់ជំនួយថ្មីដល់អ៊ុយក្រែនចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ បន្ថែមលើចំនួន ៨៨ពាន់លានអឺរ៉ូដែលចំណាយរួចហើយ ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន៕

រូបភាពពី Reuters