(កៀវ)៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយថា នៅថ្ងៃសៅរ៍នេះ កងកម្លាំងបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៉ី ៣គ្រឿងពីលើអាកាសនៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Mykola Oleshchuk បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា «ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅឯភាគខាងកើត កងកម្លាំងប្រដាប់អាវុធនៃអង្គភាពកងទ័ពអាកាសអ៊ុយក្រែន បានបំផ្លាញយន្តហោះសត្រូវចំនួន ៣គ្រឿងក្នុងពេលតែមួយ មានដូចជា យន្តហោះទម្លាក់គ្រាប់បែក Su-34 ពីរគ្រឿង និងយន្តហោះចម្បាំង Su-35 មួយគ្រឿង»។

Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានទេ ដោយប្រសិនបើវាជាការពិត នឹងតំណាងឱ្យការខាតបង់នូវយន្តហោះចម្បាំងស៊េរីទំនើបតម្លៃសរុបលើសពី ១០០លានដុល្លារសម្រាប់រុស្ស៉ី។

គួរបញ្ជាក់ថា ចាប់តាំងពីទទួលបានប្រព័ន្ធការពារដែនអាកាសទំនើបៗពីបណ្តាប្រទេសលោកខាងលិចមក អ៊ុយក្រែនអាចដាក់ពង្រាយសព្វាវុុធទាំងនេះឱ្យគំរាមកំហែងដល់ផ្លូវអាកាសរបស់រុស្ស៉ី នៅតំបន់ក្បែរជួរមុខ៕

រូបភាពពី Reuters