(វ៉ាស៉ីនតោន)៖ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ដ្រអាមេរិក បាននិយាយថា លោកគាំទ្រចំពោះការផ្តល់មូលនិធិសម្រាប់ប្រទេសដីកោះក្នុងតំបន់ប៉ាស៉ីហ្វិកដែលជាសម្ព័ន្ធិត្តរបស់សហរដ្ឋអាមេរិក ជាមធ្យោបាយមួយដើម្បីទប់ទល់នឹងឥទ្ធិពលចិន ហើយនឹងជំរុញឱ្យមានការបញ្ចូលបញ្ហានេះទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីជំនួយសន្តិសុខណាមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

កាលពីឆ្នាំ ២០២៣ សហព័ន្ធមីក្រូនេស៉ី កោះ Marshall និងកោះ Palau បានព្រមព្រៀងលើកម្មវិធីផ្តល់មូលនិធិថ្មីរយៈពេល ២០ឆ្នាំជាមួយសហរដ្ឋអាមេរិក ហើយក្រោមកម្មវិធីនេះទីក្រុងវ៉ាស៊ីនតោននឹងត្រូវផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ខណៈទទួលបានសិទ្ធិយោធាផ្តាច់មុខទៅកាន់ទីតាំងយុទ្ធសាស្ត្រនៃតំបន់ប៉ាស៉ីកហ្វិក។ ប៉ុន្តែទោះជាមានការគាំទ្រពីក្រុមចម្រុះលើកម្មវិធីថ្មីដែលគេស្គាល់ថា Compacts of Free Association ហៅកាត់ COFA ក៏ដោយ ក៏សភានៅមិនទាន់បានអនុម័តការនូវផ្តល់មូលនិធិនេះទេ។

តំណាងរាស្រ្ត លោក Michael McCaul បានប្រាប់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា «វាជាផ្នែកមួយដ៏សំខាន់នៃការប្រឆាំងចំពោះឥទ្ធិពលចិន ជាមួយប្រទេសដីកោះដែលគេកំពុងវិនិយោគ ពីប្រទេសមួយទៅប្រទេសមួយ ដូចយើងបានឃើញស្រាប់»។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ចំណាយបន្ថែមលើជំនួយបរទេសចំនួន ៩៥ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល និងតៃវ៉ាន់ ដោយមិនរាប់បញ្ចូលមូលនិធិ COFA៕

រូបភាពពី Reuters