Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងញូវយ៉ក បង្គាប់ឱ្យលោក ត្រាំ បង់ប្រាក់ពិន័យ ៣៥០លានដុល្លារ និងហាមមិនឱ្យរកស៊ី ៣ឆ្នាំ

17-02-2024 16:56

(ញូវយ៉ក)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានតុលាការក្នុងទីក្រុងញូវយ៉កបង្គាប់ឱ្យបង់ប្រាក់ពិន័យ ៣៥៤.៩លានដុល្លារ ក្រោមបទចោទ បំប៉ោងទំហំទ្រព្យសម្បត្តិរបស់លោក ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរក្នុងការខ្ចីលុយពីធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចៅក្រមតុលាការក្រុងញូវយ៉ក លោក Arthur Engoron ក៏បានហាមឃាត់លោក ដូណាល់ ត្រាំ កាន់តំណែងជាមន្ត្រី ឬជានាយកក្រុមហ៊ុនណាមួយក្នុង ទីក្រុងញូវយ៉ក រយៈពេល៣ឆ្នាំផងដែរ។

ពាក្យបណ្ដឹងប្រឆាំងលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងអគ្គរដ្ឋអាជ្ញាក្រុងញូវយ៉ក លោកស្រី Letitia James ដែលបានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិករូបនេះ និងគ្រួសាររបស់លោកថាបានបំប៉ោងទ្រព្យសម្បត្តិ ៣.៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ រយៈពេលមួយទសវត្សរ៍ ដើម្បីទទួលបានលក្ខខណ្ឌល្អប្រសើរក្នុងការខ្ចីលុយពី ធនាគារ។ ប៉ុន្តែ លោក ត្រាំ បានច្រានចោលការចោទប្រកាន់នេះដោយអះអាងថាលោកមិនបានប្រព្រឹត្តខុសអ្វីឡើយ និងបានចាត់ទុកបណ្ដឹងប្រឆាំងរូបលោកគឺជា ចេតនានយោបាយរបស់លោកស្រី James ដែលជាចៅក្រមមកពីគណបក្សប្រជាធិបតេយ្យ។

លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងប្ដឹងឧទ្ធរណ៍ជំទាស់សាលក្រុមតុលាការក្រុងញូវយ៉ក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕

រូបភាពពី Reuters