(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីប្រឈមមុខនឹងកង្វះខាតចេកខ្លាំង និងការកើនឡើងតម្លៃកាន់តែខ្ពស់ដោយសារការហាមឃាត់ផ្នែកខ្លះលើការនាំចូលចេកពីប្រទេសអេក្វាឌ័រក្នុងខែនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ការហាមឃាត់ការនាំចូលនេះបានធ្វើឡើងបន្ទាប់ពីមានជម្លោះនយោបាយជុំវិញការជួញដូរអាវុធ បន្ទាប់ពីអេក្វាឌ័រកាលពីខែមករាបានយល់ព្រមជួញដូរឧបករណ៍យោធាចាស់ៗរបស់រុស្ស៊ីទៅឱ្យសហរដ្ឋអាមេរិកដើម្បីទិញអាវុធថ្មីមកវិញក្នុងតម្លៃ ២០០លានដុល្លារ ពោលគឺជាការសម្រេចចិត្តដែលក្រសួងការបរទេសរុស្ស៊ីហៅថាមិនបានគិតគ្រប់ជ្រុងជ្រោយ។ សហរដ្ឋអាមេរិកបានលើកទឹកចិត្តប្រទេសដែលមានស្តុកអាវុធរបស់សូវៀតឱ្យបញ្ជូនស្តុកអាវុធទាំងនោះទៅឱ្យប្រទេសអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការហាមឃាត់នាំចូលនេះអាចប៉ះពាល់ដល់ ៣០% នៃការនាំចូលផ្លែឈើរបស់រុស្ស៊ី ដែលសរុបមានតម្លៃ ៧០០លានដុល្លារក្នុងមួយឆ្នាំ។ រុស្ស៊ីកំពុងស្វែងរកការផ្គត់ផ្គង់ជំនួសរួមទាំងពីប្រទេសឥណ្ឌាផងដែរ។ ការហាមឃាត់នេះបានធ្វើឡើងបន្ទាប់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារុស្ស៊ីបានអះអាងថាបានរកឃើញសត្វល្អិតនៅក្នុងចេកដែលបាននាំចេញជើងមុនពីអេក្វាឌ័រ។

ប្រទេសរុស្ស៊ីបានកំណត់ទិសដៅលើការនាំចូលទំនិញកសិកម្មក្នុងអំឡុងពេលមានជម្លោះនយោបាយ ទាំងដោយផ្ទាល់ដូចជាករណីការហាមឃាត់ឆ្នាំ២០១៥ លើការនាំចូលប៉េងប៉ោះពីប្រទេសតួកគី និងដោយប្រយោលដែលធ្វើឡើងតាមរយៈការលើកឡើងពីករណីព្រួយបារម្ភអំពីសុខភាព និងសុវត្ថិភាពដូចករណីផ្កាហូឡង់ក្នុងឆ្នាំ ២០១៥ជាដើម៕