(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ បាននិយាយថាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនជា ការហាមឃាត់ទៀតនោះទេសម្រាប់បារាំង ហើយទីក្រុងប៉ារីសអាចនឹងធ្វើការសម្រេចចិត្ត ប្រសិនបើកិច្ចប្រឹងប្រែងសម្រាប់ដំណោះស្រាយរដ្ឋ២ ជាប់គាំងដោយសារ ការជំទាស់របស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មែនទែនទៅ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាឯកតោភាគីដោយបារាំង នឹងមិនអាចធ្វើឱ្យមានការប្រែប្រួលអ្វីធំដុំចំពោះស្ថានការណ៍សព្វថ្ងៃនោះទេ ប៉ុន្តែវានឹងជួយ លើកទម្ងន់ការទូត និងជានិមិត្តរូបមួយដ៏សំខាន់។ ការលើកឡើងរបស់លោក Macron នេះដែរ កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រកាសជាមុនថាអ៉ីស្រាអែលនឹងជំទាស់ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនពីអន្តរជាតិ។ មិនតែប៉ុណ្ណោះ នេះក៏ជាលើកដំបូងផងដែរដែលមេដឹកនាំ បារាំងម្នាក់ធ្វើការកត់សម្គាល់បែបនេះ និងជាការបង្ហាញពីការអស់ភាពអត់ធ្មត់នៅក្នុងចំណោមមេដឹកនាំលោកខាងលិចមួយចំនួន ចំពោះការបាត់បង់អាយុជីវិត ជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។

ថ្លែងនៅឯសន្នីសីទសារព័ត៌មានមួយជាមួយព្រះមហាក្សត្រហ្ស៊កដានី King Abdullah ទី២ ក្នុងទីក្រុងប៉ារីស លោក Macron បានលើកឡើងដូច្នេះថា «ដៃគូរបស់ យើងនៅក្នុងតំបន់ ជាពិសេសគឺហ្ស៊កដានី កំពុងធ្វើការលើបញ្ហានេះ (ដំណោះស្រាយរដ្ឋ២) ហើយយើងក៏កំពុងធ្វើការលើបញ្ហានេះជាមួយពួកគេដែរ។ យើងត្រៀម លក្ខណៈជាស្រេចដើម្បីចូលរួមចំណែកក្នុងបញ្ហានេះ ទាំងនៅក្នុងអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ UN​។ ដូច្នេះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមិនមែជារឿងហាមឃាត់ សម្រាប់បារាំងទៀតនោះទេ»

គួរបញ្ជាក់ថា សមាជិកសភាបារាំង កាលពីឆ្នាំ២០១៤ ក៏ធ្លាប់បានធ្វើការបោះឆ្នោតមួយដើម្បីជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉ារីសទទួលស្គាល់ប៉ាឡេស្ទីនផងដែរ៕

រូបភាពពី Reuters