(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ (វ៉ាស៊ីនតោន) បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកទទួលស្គាល់ខុសត្រូវ ចំពោះការស្លាប់របស់មេបក្សប្រឆាំងរុស្ស៉ី លោក Alexei Navalny។ ប៉ុន្តែ វិមានក្រឹមឡាំងបានប្រកែក និងចាត់ទុកថាជារឿងមិន អាចទទួលយកបានដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងចេញពីសេតវិមាន ក្រោយការប្រកាសពីដំណឹងមរណភាពរបស់លោក Nalvany លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនទាន់បានដឹងថាមាន អ្វីកើតឡើងឱ្យប្រាកដនោះទេ ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទេថាការស្លាប់របស់លោក Nalvany គឺជាលទ្ធផលនៃទង្វើមួយដែលលោក ពូទីន និងឧក្រិដ្ឋជនរបស់ លោកបានប្រព្រឹត្ត...លោក ពូទីនគឺជាអ្នកទទួលខុសត្រូវចំពោះមរណភាពរបស់លោក Nalvany»

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង បានចាត់ទុកថាសេចក្ដីថ្លែងការណ៍ជុំវិញមរណភាពលោក Nalvany របស់បណ្ដាប្រទេសលោកខាងលិច ជារឿងមិនអាចទទួលយកបាន ដោយសារតែមិនទាន់មានព័ត៌មានច្បាស់លាស់បញ្ជាក់មូលហេតុស្លាប់របស់មេដឹកនាំគណបក្សប្រឆាំងរូបនេះនៅឡើយទេ។ «មិន ទាន់មានព័ត៌មានច្បាស់ការពីមូលហេតុស្លាប់ (របស់លោក Nalvany) ទេ ប៉ុន្តែបែរជាមានសេចក្ដីថ្លែងការណ៍គ្មានហេតុផលរបៀបនេះទៅវិញ។ យើងចាត់ទុកថា សេចក្ដីថ្លែងការណ៍របៀបនេះជារឿងមិនអាចទទួលយកបានដាច់ខាត»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។

គួរបញ្ជាក់ថា លោក Alexei Navalny បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ នៅអាយុ៤៧ឆ្នាំ នៅក្នុងពន្ធនាគារមួយក្នុងប្រទេសរុស្ស៉ី ជាទីដែល លោកកំពុងអនុវត្តទោសជាប់ឃុំរយៈពេល១៩ឆ្នាំ។ តាមមន្ត្រីពន្ធនាគាររុស្ស៉ី លោក Navalny បានសន្លប់បាត់បង់ស្មារតី ក្រោយពីដើរហាត់បា្រណ ហើយត្រូវបាន ជួយសង្រ្គោះពីក្រុមគ្រូពេទ្យដែរ តែមិនអាចសង្រ្គោះជីវិតលោកបាន។ មូលហេតុស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈគណៈកម្មាធិការស៊ើបអង្កេត មួយរបស់រុស្ស៉ី ថាខ្លួនបានបើកការស៊ើបអង្កេតមួយ៕

រូបភាពពី Reuters