(រីយ៉ាទ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian និងសមភាគីអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយគ្នាតាមទូរសព្ទ ដោយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងរួមគ្នាថ្កោលទោសអ៊ីស្រាអែល ជុំវិញស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានរិះគន់ «ឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប និង West Bank ក៏ដូចជាការគំរាមកំហែង និងវិធានការរបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន ប្រមាណជាង ១.៣លាននាក់។

លោក Amir Abdullahian បាននិយាយដូច្នេះថា «យើងមិនចាត់ទុកសង្គ្រាមជាដំណោះស្រាយទេ ប៉ុន្តែប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយជាលក្ខណៈនយោបាយភ្លាមៗនោះ ផលវិបាកអវិជ្ជមាននៃការបន្តអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល លើសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នឹងជៀសមិនរួចទេ»។ ទន្ទឹមគ្នានេះ លោកក៏បានស្នើឱ្យអង្គការ​សហប្រតិបត្តិការ​ឥស្លាម ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ដែលកំពុង​បន្ត​នៅ​ហ្គាហ្សា។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានស្វាគមន៍ចំពោះសំណើរបស់សមភាគីអ៊ីរ៉ង់ ក្នុងការបើកកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស របស់អង្គការសហប្រតិបត្តិការឥស្លាម ដើម្បីបញ្ឈប់ «អំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តដោយអ៊ីស្រាអែល ដោយបានរិះគន់អ៊ីស្រាអែល ចំពោះការមិនអើពើនឹងការអំពាវនាវអន្តរជា តិឱ្យបញ្ចប់វិបត្តិនៅតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីទាំងពីរក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗ ជាពិសេសរវាងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ក៏ដូចជាសារៈសំខាន់នៃការបន្តទំនាក់ទំនង និងការពិគ្រោះយោបល់ទ្វេភាគីផងដែរ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រយុទ្ធនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីក្រុមនេះបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់។ ក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃសុក្រថា ជនប៉ាឡេស្ទីន ២៨,៧៧៥ នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។

ចាប់តាំងពីថ្ងៃចន្ទមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុង Rafah ហើយបានបង្ហាញថា ខ្លួនកំពុងរៀបចំធ្វើប្រតិបត្តិការជើងគោកបន្ថែមទៀត នៅក្នុងទីក្រុងមួយនេះ៕

រូបភាពពី AFP