(យេរូសាឡឹម)៖ មន្ត្រីសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារដោយកាំភ្លើងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានសម្លាប់មនុស្ស ០២នាក់ និង ០៤នាក់ទៀតរងរបួស នារសៀលថ្ងៃសុក្រនេះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារ ទៅលើមនុស្សជាច្រើននៅចំណតរថយន្តក្រុងក្បែរទីក្រុង Kiryat Malachi ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានធ្វើឱ្យមនុស្សចំនួន ៦នាក់រងរបួស ហើយខ្មាន់កាំភ្លើងនេះត្រូវបានបាញ់សម្លាប់ ដោយជនស៊ីវិលប្រដាប់អាវុធម្នាក់នៅកន្លែងនោះ។

ក្រោយមក មន្ទីរពេទ្យ Kaplan នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានប្រកាសថា ជនរងគ្រោះពីរនាក់បានស្លាប់នៅពេលមកដល់មន្ទីរពេទ្យ។ ហើយក្នុងចំណោមអ្នករបួសបួននាក់ផ្សេងទៀត ពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងពីរនាក់ស្ថិតក្នុងស្ថានភាពមធ្យម។

ទោះជាយ៉ាងណា មូលហេតុដែលនៅពីក្រោយហេតុការណ៍ នៅមិនទាន់ឱ្យដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរ៕

រូបភាពពី Reuters