(ម៉ូស្គូ)៖ មន្ត្រីពន្ធនាគាររបស់រុស្ស៊ីបាននិយាយថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny បានទទួលមរណភាពហើយនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីលោកបានដួល និងបាត់បង់ស្មារតីនៅក្នុងពន្ធនាគារដែលលោកកំពុងអនុវត្តទោស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីពន្ធនាគារសហព័ន្ធ នៃតំបន់ស្វយ័ត Yamal-Nenets បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Navalny «មានអារម្មណ៍មិនស្រួល» បន្ទាប់ពីលោកបានដើរមួយសន្ទុះនៅក្នុងពន្ធនាគារព្រហ្មទណ្ឌ IK-3 នៅតំបន់ Kharp ដែលស្ថិតប្រហែល ១,៩០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងម៉ូស្គូ។

ប្រភពដដែលបានគូសបញ្ជាក់ថា ទោះបីជាមានការខិតខំប្រឹងប្រែងជួសង្គ្រោះពីសំណាក់គ្រូពេទ្យក៏ដោយ ក៏មិនអាចជួយបានដែរ។ ចំណែកឯ មូលហេតុពិតប្រាកដនៃការស្លាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ការស្លាប់របស់ លោក Navalny នេះ កើតឡើងបន្ទាប់ពីរស់រានមានជីវិត ពីការប៉ុនប៉ងធ្វើឃាតកាលពីឆ្នាំ ២០២០ នៅពេលដែលលោកត្រូវបានបំពុល ដោយភ្នាក់ងារសរសៃប្រសាទនៅស៊ីបេរី នេះបើយោងតាមការធ្វើតេស្តរបស់លោកខាងលិច។ វិមានក្រឹមឡាំងបដិសេធការជាប់ពាក់ព័ន្ធក្នុងការបំពុលនេះ។

លោក Navalny អាយុ៤៧ឆ្នាំ គឺជាអ្នកនយោបាយ ដែលហ៊ានចេញមុខប្រឆាំងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ខ្លាំងជាងគេបំផុត នៅក្នុងប្រទេសរុស្ស៉ី។ បច្ចុប្បន្នអ្នកនយោបាយប្រឆាំងរូបនេះ កំពុងតែអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុប៣០ឆ្នាំ ពាក់ព័ន្ធការចោទប្រកាន់លើករណីជាច្រើន ដែលរូបលោកអះអាងថា ជាបទល្មើសត្រូវបានគេប្រឌិតឡើង។

គួរបញ្ជាក់ថា មេបក្សប្រឆាំងរុស្ស៉ីដ៏លេចធ្លោខាងលើ ដែលកាលពីអំលុងទសវត្សរ៍ឆ្នាំ២០១០ ធ្លាប់បានដឹកនាំប្រជាជនរុស្ស៉ីរាប់ម៉ឺននាក់ ចេញមកធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោក ពូទីន ត្រូវបានអាជ្ញាធររុស្ស៉ីឃាត់ខ្លួន កាលពីខែមករា ឆ្នាំ២០២១ ក្រោយត្រឡប់មកកាន់ទីក្រុងមូស្គូ ពីប្រទេសអាល្លឺម៉ង់វិញ ជាទីដែលរូបលោកបានសម្រាកព្យាបាល នូវអ្វីដែលក្រុមអ្នកជំនាញលោកខាងលិច អះអាងថា ជាការបំពុលដោយប្រើប្រាស់ថ្នាំពុលសម័យសូវៀត៕

រូបភាពពី Reuters