(គែរ)៖ ប្រភពចំនួនបួនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា អេហ្ស៊ីបកំពុងរៀបចំតំបន់មួយនៅព្រំដែនជាមួយហ្គាហ្សា ដែលអាចផ្ទុកប្រជាជនប៉ាឡេស្ទីន ក្នុងករណីដែលការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah នាំឱ្យមានការជម្លៀសដ៏ធំឆ្លងកាត់ព្រំដែន នៅក្នុងអ្វីដែលពួកគេបានពិពណ៌នាថា ជាវិធានការបន្ទាន់ដោយទីក្រុងគែរ។ នេះបើយោងតាមាករចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

អេហ្ស៊ីប ដែលបានបដិសេធអំពីការរៀបចំបែបនេះ បានព្រមានម្តងហើយម្តងទៀតអំពីលទ្ធភាពដែលថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា អាចនាំឱ្យមានការភៀសខ្លួនប្រជាជនប៉ាឡេស្ទីនទៅកាន់តំបន់ស៊ីណៃ ដែលជាអ្វីដែលទីក្រុងគែនិយាយថា មិនអាចទទួលយកបានជាដាច់ខាត។

ប្រភពមួយបាននិយាយថា អេហ្ស៊ីបមានសុទិដ្ឋិនិយមថា កិច្ចពិភាក្សាដែលមានបំណងឈានដល់បទឈប់បាញ់ អាចជៀសផុតពីសេណារីយ៉ូបែបនេះ ប៉ុន្តែប្រទេសនេះកំពុងចាត់វិធានការប្រុងប្រយ័ត្នជាមុន ដោយបង្កើតជំរុំបណ្តោះអាសន្ននៅតាមព្រំដែន។

ប្រភពសន្តិសុខចំនួនបីទៀត បាននិយាយថា អេហ្ស៊ីបបានចាប់ផ្តើមបំពាក់តំបន់វាលខ្សាច់ជាមួយនឹងសម្ភារៈមូលដ្ឋានមួយចំនួន ដែលអាចប្រើសម្រាប់ផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់ថា នេះគឺជាកិច្ចការបន្ទាន់មួយ។

អ៊ីស្រាអែលគ្រោងនឹងជម្លៀសជនស៊ីវិលប៉ាឡេស្ទីនចេញពីទីក្រុង Rafah ខណៈអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffiths ព្រមានពីហានិភ័យនៃជនប៉ាឡេស្ទីនដែលហូរចូលអេហ្ស៊ីប។

អេហ្ស៊ីបប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន សម្រាប់ហេតុផលប្រវត្តិសាស្ត្រ និងការភ័យខ្លាចនៃការកើតឡើងម្តងទៀតនៃព្រឹត្តិការណ៍ Nakba ឬជាព្រឹត្តិការណ៍បណ្ដេញប្រជាជនប៉ាឡេស្ទីនជាង ៧៥០,០០០នាក់ចេញពីផ្ទះរបស់ពួកគេ នៅពេលអ៉ីស្រាអែលបង្កើតប្រទេសក្នុងឆ្នាំ១៩៤៨៕

រូបភាពពី AFP