(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំរយៈពេល២ថ្ងៃ នៃបណ្តារដ្ឋមន្ត្រីការពារជាតិអង្គការណាតូ បានបញ្ចប់ទៅនៅក្នុងក្រុងប្រុចសែលនៃប្រទេសបែលហ្ស៊ីក ជាមួយកិច្ចពិភាក្សាលើ បញ្ហាធំៗជាច្រើនលើកត្តាសន្តិសុខពិភពលោក, បញ្ហាបន្តជំនួយដល់អ៊ុយក្រែន និងការជម្រុញប្រទេសជាសមាជិកលើកការបំពេញ កាតព្វកិច្ចចំណាយ២ភាគរយនៃទំហំ GDP របស់ខ្លួនផងដែរ។ ក្នុងកិច្ចប្រជុំដដែលនោះដែរ អគ្គលេខាធិការអង្គការណាតូ បានលើកឡើងជុំវិញមូលហេតុអ្វីបានជាសហរដ្ឋអាមេរិកមិន បោះបង់ចោលអង្គការណាតូ។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិនៃអង្គការណាតូថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ក្នុងក្រុងប្រុចសែលគឺជាកិច្ចប្រជុំត្រៀមរៀបចំមួយដើម្បី សម្រាប់កិច្ចប្រជុំកំពូលរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកក្កដា ឆ្នាំដដែលនេះផងដែរ។ បើទោះបីជាកិច្ចប្រជុំរយៈពេល២ថ្ងៃបានបញ្ចប់ក៏ពិតមែន ប៉ុន្តែបញ្ហាប្រឈមនានាមួយចំនួននៅមិនទាន់បាន ដោះស្រាយនៅឡើយទេ ជាពិសេស សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលបាន និងកំពុងអូសបន្លាយឈានជិតចូលមកដល់ឆ្នាំទី៣នាប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយនឹង សម្តីព្រមានរបស់លោក ដូណាល់ ត្រាំ ដែលនិយាយ បង្ហាញអំពីការមិនគាំទ្រសមាជិកអង្គការណាតូណាដែលមិនបានបំពេញកាតព្វកិច្ចយោធា ២ភាគរយតាមអ្វីដែល បានកំណត់ ដែលសម្តីនោះហើយ បានធ្វើឱ្យអង្គការណាតូហាក់ដូចជា ប្រញាប់តម្រង់ទិសដៅរបស់ខ្លួនសាជាថ្មីឡើងវិញ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសនៅក្នុងកិច្ចប្រជុំថានៅក្នុង ឆ្នាំ២០២៤នេះ ប្រទេសជាសមាជិកអង្គការណាតូប្តេជ្ញានឹងចំណាយ ថវិកា២ភាគរយដើម្បីការបំ ពេញកាតព្វកិច្ចយោធារបស់ខ្លួន។ លោក Jens Stoltenberg បានថ្លែងថា «ថ្ងៃនេះ យើងបានពន្លឿនការងារលើកិច្ចការផ្តល់ធន ធានក្នុងការរៀបចំផែនការការពារជាតិថ្មីរបស់យើង និងការពង្រឹងមូលដ្ឋានឧស្សាហកម្មការ ពារជាតិឆ្លងដែនអាត្លង់ទិករបស់យើង។ ប្រការនេះទាមទារការវិនិយោគ»

លោក Jens Stoltenberg បានថ្លែងបន្តថា «ខ្ញុំគិតថាសម្ព័ន្ធមិត្តចំនួន១៨ប្រទេសរបស់យើង បានចំណាយ ២% នៃ GDP របស់ពួកគេលើ វិស័យការពារជាតិហើយនៅ ឆ្នាំ២០២៤នេះ។ នេះគឺកើនឡើង៦ដងហើយ ដែលកាលពីឆ្នាំ២០១៤ គឺមានពីប្រទេសសម្ព័ន្ធតែ៣ប៉ុណ្ណោះ។ នៅឆ្នាំ២០២៤នេះ, សម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបនឹងវិនិយោគ លើវិស័យការពារជាតិសរុបចំនួន ៣៨០ពាន់លានដុល្លារ។ នេះជាលើកដំបូង ដែលចំនួននេះស្មើនឹង២% នៃ GDP សរុបរបស់ពួកគេ»

មេដឹកនាំអង្គការណាតូដដែល បានថ្លែងបន្តថានៅចុងឆ្នាំ២០២៤, សម្ព័ន្ធមិត្តអ៊ឺរ៉ុបនិងកាណាដា គ្រោងនឹងបន្ថែមទឹកប្រាក់ជាង៦០០ពាន់លានដុល្លារ សម្រាប់វិស័យ ការពារជាតិជាបន្ថែមទៀត ចាប់តាំងពីអង្គការណាតូបានធ្វើកិច្ចសន្យាវិនិយោគលើវិស័យការពារជាតិ ក្នុងឆ្នាំ២០១៤នោះមក។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនមានរយៈពេល ៧២៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤។ កងកម្លាំងរុស្ស៊ីត្រូវគេរាយការណ៍ថាបានបង្កើនសម្ពាធវាយប្រហារដាក់លើកងកម្លាំងអ៊ុយក្រែន ដែលរងនឹងការខ្វះ គ្រឿងសព្វាវុធ។ កាលពីសប្តាហ៍មុនរុស្ស៊ីបានបាញ់មីស៊ីលលឿនជាងសម្លេង Zircon ដែលជាអាវុធលេខមួយបង្អស់របស់រុស្ស៊ីដាក់ទៅលើក្រុងគៀវ ដែលការប្រើ មីស៊ីលលឿនជាងសម្លេងប្រភេទនេះគឺជាលើកដំបូង បង្អស់ហើយក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។ ប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនមិនអាចរារាំងមីស៊ីលZircon នេះបានឡើយ។

ការវាយប្រហារកាលពីថ្ងៃទី៧ កុម្ភៈ ដោយមីស៊ីលប្រភេទលេខ១របស់រុស្ស៊ីនោះ មានមនុស្សស្លាប់បួននាក់ និង៣៨នាក់ដទៃទៀតបានរងរបួសក្នុងក្រុងគៀវ។ អ៊ុយក្រែន បានថ្លែងថា ក្រៅពីអាវុធមីស៊ីល Zircon, រុស្ស៊ីនៅបានបាញ់មីស៊ីលបាលីស្ទីកប្រភេទ Iskander ចំនួន៣គ្រាប់ និងមីស៊ីល4K-22ថែមទៀត។ សេចក្តីរាយការណ៍បាន បង្ហាញថាអាវុធទំនើបៗទាំងនេះ ក៏ប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនមិនអាចបាញ់ទម្លាក់បានឡើយ។ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអង្គការណាតូ ក្នុងក្រុងប្រុចសែលនោះទៀត, អង្គការណាតូនៅបានជជែកគ្នាជុំវិញការជំរុញផ្តល់សព្វាវុធដល់ប្រទេសអ៊ុយក្រែនដើម្បីការទប់ទល់ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

លោក Jens Stoltenberg បានថ្លែងថា សម្ព័ន្ធមិត្តមួយក្រុមរបស់អង្គការណាតូ កំពុងរួមគ្នា បង្កើតនូវផែនការផ្តល់ដ្រូនចំនួនមួយលានគ្រឿងដល់អ៊ុយក្រែន, និងថាសម្ព័ន្ធមិត្តណាតូចំនួន ២០ប្រទេស បានយល់ព្រមបង្កើតក្រុមចម្រុះដើម្បីធ្វើការដោះមីន និងលោកថ្លែងថា សម្ព័ន្ធមិត្ត ណាតូពេលនេះបានទទួលបន្ទុកប្រមាណ៩៩% នៃជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន។ លោក Jens Stoltenberg បានថ្លែងថា «យើងក៏បានពិភាក្សាអំពីការបង្កើនការផលិតគ្រាប់ រំសេវផងទៀត»។ លោកបន្តថា «ដើម្បីបំពេញឃ្លាំងគ្រាប់របស់យើង និងបន្តគាំទ្រដល់អ៊ុយក្រែន យើងត្រូវផ្លាស់ប្តូរពីល្បឿនយឺតនៃពេលវេលាសន្តិភាព ទៅជាផលិតកម្មមានល្បឿន ខ្ពស់ដោយសារតែ សេចក្តីត្រូវការនៅក្នុងជម្លោះ»។ លោកបានបញ្ជាក់ថា «ដើម្បីធ្វើយ៉ាងដូច្នេះបាន, ក្រុមហ៊ុនផលិតគ្រាប់រំសេវចាំបាច់ត្រូវការចុះកិច្ចសន្យា»។ លោកបានបន្ថែមថា «ហើយ ទើបតែប៉ុន្មានខែកន្លងទៅនេះ, ណាតូបានយល់ព្រមលើកិច្ចសន្យាដែលមានតម្លៃដប់ពាន់ លានដុល្លារ ហើយប្រការនេះ នឹងជួយដល់អ៊ុយក្រែន…និងវាធ្វើឱ្យ NATO កាន់តែរឹងមាំ និងផ្តល់ការងារដែលមានជំនាញខ្ពស់បន្ថែមទៀតនៅអឺរ៉ុបនិងនៅអាមេរិកខាងជើង»

មេដឹកនាំអង្គការណាតូរូបនេះ បានថ្លែងសារប្រាប់មេដឹកនាំរុស្ស៊ីផងទៀតដែរថាមិនត្រូវយល់ ច្រឡំថាអង្គការណាតូនេះ ខ្លាចចំពោះរុស្ស៊ីឡើយ។ លោក Jens Stoltenberg បាននិយាយ អំពីភាពរឹងមាំរបស់អង្គការណាតូ និងការរៀបចំធ្វើសមយុទ្ធដ៏ធំបង្អស់មួយចូលរួមពីកម្លាំង ណាតូចំនួន៩ម៉ឺននាក់ពីប្រទេសជាសមាជិកទាំង ៣១រួមទាំងប្រទេសស៊ុយអែត។ មេដឹកនាំអង្គការណាតូបាននិយាយប្រាប់សមាជិកដែលចូលរួមថា «អង្គការណាតូបន្តធានាថា មិនមានកន្លែងសម្រាប់ការគណនាខុស របស់រុស្ស៊ីអំពីការត្រៀមខ្លួនរបស់យើងដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ឡើយ។ ឥឡូវនេះ យើងកំពុងដឹកនាំក្រុមអ្នកការពារស្ថិរភាពដ៏មុតមាំ… សមយុទ្ធដ៏ធំបំផុតរបស់ អង្គការNATO ដែលជាអ្នកការពារដ៏រឹងមាំ និងដែលមិនធ្លាប់មាន ក្នុងរយៈពេលច្រើនទសវត្សរ៍ នឹងប្រព្រឹត្តទៅ …ជាមួយនឹងកម្លាំងប្រហែល៩ម៉ឺននាក់មកពី សម្ព័ន្ធមិត្តទាំង៣១ ដែលបូកបញ្ចូលទាំងប្រទេសស៊ុយអែត»

យើងសាកល្បងនូវសមត្ថភាពរបស់យើង ដោយយើងបានបញ្ជួនកម្លាំងយ៉ាងលឿនរបស់យើង ឆ្លងកាត់ប្រទេសសម្ព័ន្ធ ដើម្បីការពារផ្នែកខាងកើតរបស់យើង»។ មេដឹកនាំ អង្គការបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនបន្តការពារអ៊ុយក្រែន និងបានលើកឡើង ជុំវិញកញ្ចប់ជំនួយថ្មីដែលប្រកាសដោយសម្ព័ន្ធមិត្ត រួមមាន កាណាដា ហ្វាំងឡង់ និងន័រវេស។ ជំនួយនោះបានគ្របដណ្តប់លើសមត្ថភាពសំខាន់ៗដូចជា ឧបករណ៍សម្រាប់យន្តហោះ F-16 និងគ្រឿងបន្លាស់ ក៏ដូចជាការការពារអាកាសផងដែរ។

មេដឹកនាំអង្គការណាតូដដែលបានថ្លែងថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមក, សហ រដ្ឋអាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែន ប្រមាណ៧៥ពាន់លានដុល្លារ ជាជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ ខណៈសម្ព័ន្ធមិត្ត និងដៃគូណាតូផ្សេងទៀតបានផ្តល់ជំនួយជាង១០០ ពាន់លានដុល្លារអាមេរិក។ នៅក្នុងការធ្វើសន្និសីទ កាសែត ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអង្គការណាតូនោះរួច មានសំណួរចោទមួយចំនួនរបស់អ្នកសារព័ត៌មានដែលសង្ស័យនឹងសម្តីរបស់លោក ដូណាល់​​ ត្រាំ ដែលហាក់ដូចជាបង្ហាញភាពមិនគាំទ្រដល់អង្គការណាតូឡើយ ប្រសិនណាបើលោកបានក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនោះ។ ប៉ុន្តែលោក Jens Stoltenberg បាននិយាយបង្ហាញភាពជឿជាក់ថាសហរដ្ឋអាមេរិកមិនបោះបង់ចោលអង្គការណាតូនោះឡើយ។

លោកបញ្ជាក់ថាជាធម្មតាទេដែលរដ្ឋក្នុងសមាជិកអង្គការណាតូរួមទាំងសហរដ្ឋអាមេរិកជា ដើមដែលតែងមានទស្សនៈផ្សេងៗពីគ្នា ប៉ុន្តែអង្គការណាតូនឹងមិនបែកខ្ញែកគ្នា និងថាការរក្សាទុកអង្គការណាតូ គឺជាការរក្សានូវផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ លោក Jens Stoltenberg បានថ្លែងថា «ជាការពិតណាស់យើងជា ប្រទេសប្រជាធិបតេយ្យចំនួន ៣១នៅសងខាងនៃដែនមហាសមុទ្រអាត្លង់ទិកដែលមាន ការយល់ឃើញ និងការពិភាក្សាខុសៗគ្នាសូម្បីតែងអំពីអង្គការណាតូ នៅក្នុង សម្ព័ន្ធមិត្តណាតូផងដែរ»។ លោកបន្តថាប៉ុន្តែ «នៅពេលយើងក្រឡេកមើលការស្ទង់មតិនោះវិញ, មានការគាំទ្រខ្ពស់ ចំពោះអង្គការណាតូ ទាំងនៅអាមេរិកខាងជើង សហរដ្ឋអាមេរិក កាណាដា និងនៅអឺរ៉ុបដែលគេមានទំនុកចិត្តថា NATO នឹងនៅតែជាសម្ព័ន្ធភាពដ៏រឹងមាំ និងជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ»

លោក Jens Stoltenberg បានថ្លែងបន្តថា «ខ្ញុំរំពឹងថាសហរដ្ឋអាមេរិកនឹងបន្តក្លាយជាសម្ព័ន្ធ មិត្តដ៏រឹងមាំមួយសម្រាប់យ៉ាងហោចណាស់ក្នុងហេតុផលបីយ៉ាង៖ ទីមួយ វាស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែលមានអង្គការណាតូដែលខ្លាំង។ ទីពីរគឺតាមពិត ក្នុងសហរដ្ឋអាមេរិកនោះ មានការគាំទ្រទ្វេភាគី ទូលំទូលាយ របស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋសម្រាប់អង្គការណាតូនៅក្នុងសហរដ្ឋអាមេរិក។ ហើយទី៣ ការរិះគន់នៅសហរដ្ឋអាមេរិក មិនមែនជាចំបងប្រឆាំងនឹងអង្គការណាតូទេ។ សម្តីនោះប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយប្រាក់គ្រប់គ្រាន់លើ NATO ពីព្រោះវាជាច្រើនឆ្នាំ មកហើយនៃ ចំណុចយកចិត្តទុកដាក់។ ចំណុចដែលបានលើកពីភាគីអាមេរិកនេះ គឺពាក់ព័ន្ធនឹងប្រទេសសម្ព័ន្ធក្នុងអឺរ៉ុបនិងប្រទេសកាណាដាដែលមិនបានចំណាយគ្រប់គ្រាន់»

មេដឹកនាំអង្គការណាតូរូបនេះ បានថ្លែងបញ្ជាក់ត្រង់ចំណុចនេះវិញថា ប៉ុន្តែអ្វីៗពិតជាបានផ្លាស់ប្តូរជាមួយនឹងការកើនឡើងការចំណាយឡើងវិញលើវិស័យការពារជាតិ នៅប្រទេស កាណាដា និងអឺរ៉ុប។ លោកថាពេលនេះ ការចំណាយលើវិស័យការពារជាតិបានកើនខ្ពស់មកវិញ ហើយដែលមានកំណត់ត្រានៅអឺរ៉ុប និងកាណាដា ហើយសម្ព័ន្ធមិត្តកាន់តែច្រើនឡើងកំពុង បំពេញគោលដៅ២%។ លោក Jens Stoltenberg បានថ្លែងបញ្ជាក់ថាសហរដ្ឋអាមេរិកមានផលប្រយោជន៍ទៅវិញទេ ដែលមាន អង្គការណាតូមួយដ៏ខ្លាំងនោះ ពីព្រោះគ្មានមហាអំណាចណាមួយដែលមានឥទ្ធិពល ដូចអង្គការណាតូនេះឡើយ ដែលមិត្តនិងសម្ព័ន្ធមិត្តរបស់ណាតូមានចំនួនជាង ៣០ប្រទេស នោះ។

លោកថ្លែងថាបើប្រៀបធៀបនឹងទំហំ GDP របស់ពិភពលោក, ទំហំGDPរបស់សហរដ្ឋអាមេរិកមាន ២៥%…បូករួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូដែលមាន៥០% នៃកម្លាំង សេដ្ឋកិច្ចរបស់ពិភពលោក…បូកនឹង៥០% នៃកម្លាំងយោធារបស់ពិភពលោកជាបន្ថែមទៀត។ លោកបានប្រាប់សន្និសីទកាសែត បន្តថា «ត្រូវចាំថាអាមេរិកមិនដែលធ្វើ សង្រ្គាមតែម្នាក់ឯង ទេ…សហរដ្ឋអាមេរិកតែងធ្វើជាមួយគ្នានឹងសម្ព័ន្ធមិត្តផ្សេងទៀត តាំងពីសង្រ្គាមកូរ៉េ រហូតដល់សង្គ្រាមអាហ្វហ្គានីស្ថាននោះ»
លោក Jens Stoltenberg បញ្ជាក់ថាដូច្នេះវាស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់ សហរដ្ឋអាមេរិកទៅវិញទេនៅក្នុង ការរក្សាអង្គការណាតូជាសម្ព័ន្ធមិត្ត ដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ ដូច្នេះហើយបានជាគេមានទំនុកចិត្តថាសហរដ្ឋអាមេរិកនឹងបោះបង់ចោលនូវ អង្គការណាតូនេះឡើយ៕

រូបភាពពី AFP