(កៀវ)៖ នាថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងបែរឡាំងរបស់អាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ចមួយ ដែលមានគោលដៅប្រមូលផ្តុំការគាំទ្របន្ថែមទៀត ពីក្រុមប្រទេសលោកខាងលិច សម្រាប់កងទ័ពរបស់លោក ដែលកំពុងបន្តប្រយុទ្ធតស៊ូជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៉ី នៅមុនគម្រប់ខួប២ឆ្នាំ នៃសង្រ្គាមរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Zelensky បានបង្ហោះរូបភាពនៅលើប្រព័ន្ធ Telegram ដែលបង្ហាញឱ្យឃើញ រូបលោកធ្វើដំណើរដល់ប្រទេសអាល្លឺម៉ង់ ហើយលោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកនឹងពិភាក្សាអំពីស្ថាបត្យកម្មសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែន និងអះអាងថាប្រទេសរបស់លោក កំពុងខិតខំព្យាយាមស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយឈរលើលក្ខខណ្ឌមានភាពយុត្តិធម៌សម្រាប់អ៊ុយក្រែន។ នាថ្ងៃសុក្រនេះ សន្និសីទសន្តិសុខអន្តរជាតិមួយ ក៏កំពុងតែរៀបចំឡើងនៅទីក្រុង Munich របស់អាល្លឺម៉ង់ផងដែរ និងមានការចូលរួមពីថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីជាន់ខ្ពស់មកពីប្រទេសជាច្រើន។
គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ លោក Zelensky នឹងត្រូវបន្តដំណើរទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីសនៃប្រទេសបារាំងថែមទៀត។ ទាំងនៅអាល្លឺម៉ង់និងបារាំង លោក Zelensky ត្រូវគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ព្រមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron។ សង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង នៅពេលរុស្ស៉ីបានលើកទ័ពចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕
រូបភាពពីគណនី Telegram របស់ប្រធានាធិបតីអ៊ុយក្រែន