(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា គ្រួសារពលរដ្ឋរុស្ស៉ី គួរតែមានកូនយ៉ាងតិច ២នាក់ សម្រាប់បន្តការរស់រានមានជីវិតនៃអត្តសញ្ញាណជនជាតិរបស់ប្រទេសនេះ ហើយអាចយកដល់ទៅ ៣នាក់ឬច្រើនជាងនេះ កាន់តែល្អ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

រុស្ស៉ីបានបង់ចំនួនកងទ័ពច្រើន ប៉ុន្តែមិនត្រូវបានបញ្ចេញតួលេខច្បាស់ ចាប់តាំងពីធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន អស់រយៈពេលជិត​២ឆ្នាំ ហើយមនុស្សរាប់សែននាក់ បានភៀសខ្លួនចេញពីប្រទេស ព្រោះតែភ័យខ្លាចថា ត្រូវរដ្ឋាភិបាលកំណត់ឱ្យទៅចូលរួមប្រយុទ្ធ នៅអ៊ុយក្រែន។ ថ្លែងទៅកាន់និយោជិតនៃរោងចក្រមួយក្នុងតំបន់ Urals លោក ពូទីន និយាយថា គ្រួសារមួយមានកូនពីរនាក់ គឺសមរម្យសម្រាប់រុស្ស៉ី ដែលត្រូវរក្សាអត្តសញ្ញាណខ្លួនឯង។

លោក ពូទីន បានបញ្ជាក់ថា «បើយើងចង់រស់រាន់មានជីវិតជាក្រុមជនជាតិមួយ ឬជាក្រុមជនជាតិចម្រុះ ដែលរស់នៅក្នុងប្រទេសរុស្ស៉ីតែមួយ នោះយើងត្រូវតែមានកូនយ៉ាងហោចណាស់ ២នាក់។ តែប្រសិនបើគ្រួសារនីមួយៗមានកូនតែម្នាក់ នោះចំនួនប្រជាជននឹងថយចុះ ហើយបើដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍ ប្រជាជនរុស្ស៉ីត្រូវមានកូនយ៉ាងហោចណាស់ ៣នាក់»។

គួរបញ្ជាក់ថា ចំនួនប្រជាជនរុស្ស៉ី បានថយចុះបន្តិចម្តងៗក្នុងរយៈពេល ២០ឆ្នាំមកនេះ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ហើយកាន់តែធ្ងន់ធ្ងរឡើងដោយសារតែបញ្ហារ៉ាំរ៉ៃដូចជា ការញៀនស្រាជាដើម។ ការិយាល័យស្ថិតិរដ្ឋ បានប្រមាណថា ប្រជាជនរុស្ស៉ីមានចំនួន ១៤៦.៤លាននាក់កាលពីដើមឆ្នាំ ២០២៣ ដែលជាចំនួនថយចុះពីចំនួន១៤៩លាននាក់ កាលពី២០ឆ្នាំមុន ប៉ុន្តែកើនឡើងពីចំនួន១៤៣លាននាក់ កាលពីចន្លោះឆ្នាំ២០០៧-២០១២៕

រូបភាពពី Reuters