(ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ មនុស្សប្រហែលចន្លោះ១,០០០-២,០០០នាក់ បាននាំគ្នាមកតម្រង់ជួរនៅស្ថានទូតថៃប្រចាំទីក្រុងយ៉ាងហ្គន (Yangon) ស្របពេលដែលយុវជនទាំងប្រុសទាំងស្រី ព្យាយាមស្វែងរកផ្លូវចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលយោធា ទើបតែប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្ត ការបំពេញកាតព្វកិច្ចយោធា ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្ថានទូតថៃនៅទីក្រុង Yangon បានពោរពេញទៅដោយបុរសនិងស្រ្តីក្មេងៗ ដែលព្យាយាមស្វែងរកទិដ្ឋាការ ដើម្បីចាកចេញពីមីយ៉ាន់ម៉ា ចាប់តាំងពីការចេញសេចក្តីប្រកាស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថា ច្បាប់ស្តីពីការតម្រូវឱ្យប្រជាជនចូលបំពេញកាតព្វកិច្ចយោធា នឹងត្រូវអនុវត្តនៅខែមេសាខាងមុខ។ នាថ្ងៃសុក្រនេះ អ្នកកាសែត AFP បានមើលឃើញ មនុស្សចន្លោះប្រហែល១,០០០ ទៅ២,០០០នាក់ នាំគ្នាឈរតម្រង់ជួរយ៉ាងវែងអន្លាយនៅក្បែរស្ថានទូតថៃ ខណៈកាលពីមុនពេលមានសេចក្តីប្រកាសនោះ គឺមានមនុស្សចំនួនមិនដល់១០០នាក់ឡើយ។
កាលពីចុងសប្តាហ៍មុន របបសឹកមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តច្បាប់ ដែលអនុញ្ញាតឱ្យមានការកែនយុវជនជាបុរសអាយុចាប់ពី១៨ ដល់៣៥ឆ្នាំ និងជាស្រ្តីអាយុចាប់ពី១៨ដល់២៧ឆ្នាំ ឱ្យចូលបម្រើកងទ័ពជាកំហិត សម្រាប់រយៈពេលយ៉ាងហោច២ឆ្នាំ។ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១មក នាពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងប្រឈមការលំបាកយ៉ាងខ្លាំងបំផុត ក្នុងការបង្រ្កាបចលនាបះបោរប្រឆាំងរបបខ្លួន ជាពិសេសក្រោយមានការវាយលុកទ្រង់ទ្រាយធំ ពីសំណាក់សម្ព័ន្ធចលនាក្រុមប្រដាប់អាវុធជនជាតិភាគតិច កាលពីខែតុលា ឆ្នាំមុន។
គួរបញ្ជាក់ថា ច្បាប់ស្តីពីការបំពេញកាតព្វកិច្ចយោធារបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចងក្រងឡើងដោយរបបសឹកជំនាន់មុន តាំងពីឆ្នាំ២០១០ ប៉ុន្តែវាពុំធ្លាប់ដែលត្រូវអនុវត្តឡើយ រហូតមកទល់នឹងពេលនេះ ហើយអ្នកដែលគេចវេះឬមិនអនុវត្តតាម អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ៥ឆ្នាំ៕
រូបភាពពី AFP