(បែរឡាំង)៖ បណ្តាមេដឹកនាំនយោបាយ ក្រុមមន្រ្តីយោធា និងការទូតនៅទូទាំងពិភពលោក ត្រូវជួបប្រជុំគ្នាក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃសុក្រនេះ សម្រាប់សន្និសីទស្តីពីសន្តិសុខ ដែលនឹងគ្រប់ដណ្តប់ទៅលើបញ្ហាសង្រ្គាមអ៉ីស្រាអែល ក៏ដូចជាអ៊ុយក្រែន ខណៈក្តីបារម្ភអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពារសម្ព័ន្ធមិត្តកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺស្ថិតក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗ ដែលត្រូវមកចូលរួមសន្និសីទស្តីពីសន្តិសុខទីក្រុង Munich (MSC) ជាវេទិកាសកលមួយដែលផ្តោតលើវិស័យការពារជាតិ និងវិស័យការទូត។

លោក Isaac Herzog ប្រធានាធិបតីអ៉ីស្រាអែល និងនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammad Shtayyeh ក៏រំពឹងថានឹងចូលរូមក្នុងសន្និសីទដែលចាប់ផ្តើមពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះដែរ នៅឯសណ្ឋាគារដ៏ប្រណិត Bayerischer Hof ក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងចំពេលដែលសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសនៅតំបន់ហ្គាហ្សា មិនទាន់មានសញ្ញានៃការបិទបញ្ចប់ ខណៈសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនជិតឈានចូលដល់ឆ្នាំទី ៣៕

រូបភាពពី Reuters