(ញូវដែលី)៖ នាថ្ងៃសុក្រនេះ គណបក្សប្រឆាំងធំជាងគេនៅប្រទេសឥណ្ឌា បាននិយាយថា គណនីធនាគាររបស់ខ្លួន ត្រូវបានបង្កកដោយ​នាយកដ្ឋានពន្ធដារឥណ្ឌា ពោលគឺនៅត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនការប្រកាសកំណត់ថ្ងៃបោះឆ្នោតសកល ដែលត្រូវបានរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមអ្នករិះគន់និងការពារសិទ្ធិមនុស្សបានចោទប្រកាន់ថា រដ្ឋាភិបាលនាយករដ្ឋមន្រ្តី លោក Narendra Modi បានប្រើប្រាស់ស្ថាប័នអនុវត្តច្បាប់ ដើម្បីកំណត់គោលដៅប្រឆាំ ងគូប្រជែងនយោបាយរបស់ខ្លួន។ លោក Ajay Maken អ្នកនាំពាក្យគណបក្ស Congress បាននិយាយថា សកម្មភាពប្រឆាំងបក្ស Congress គឺមានគោលដៅរារាំង បក្សប្រឆាំងធំមួយនេះ នៅមុនការបោះឆ្នោតសកល។ ការប្រកាសថ្ងៃបោះឆ្នោត ត្រូវគេរំពឹងថានឹងធ្វើឡើងនៅ២សប្តាហ៍ទៀត។

បើតាមលោក Maken គណនីធនាគារចំនួន៤របស់គណបក្ស Congress ត្រូវបានបង្កក បន្ទាប់ពីមានការស៉ើបអង្កេតលើ ការប្រកាសពន្ធប្រាក់ចំណូលឆ្នាំ២០១៨-២០១៩ របស់គណបក្ស។ លោក Maken បានអះអាងថា នាយកដ្ឋានពន្ធដារ បានដាក់ការទាមទារប្រាក់​ពិន័យរហូតដល់២.១ពាន់លានរូពី ឬស្មើនឹង២៥​.៣លានដុល្លារ ពាក់ព័ន្ធការស៉ើបអង្កេតនោះ។ រូបលោកទទួលស្គាល់ថា គណបក្សពិតជា​បានដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល យឺតពេលរហូតដល់៤៥ថ្ងៃមែន ប៉ុន្តែមិនដល់ថ្នាក់សមនឹងទទួល ការពិន័យធ្ងន់បែបនេះឡើយ។

គួរបញ្ជាក់ថា កន្លងមកនេះ អាជ្ញាធរឥណ្ឌា បានធ្វើសកម្មភាពដាក់ពិន័យតាមផ្លូវច្បាប់ ក៏ដូចជាការស៉ើបអង្កេតជាច្រើន ប្រឆាំងនឹងគូប្រជែងនាំមុខនានា របស់គណបក្សកាន់អំណាច Bharatiya Janata Party (BJP) របស់លោក Modi។ តួយ៉ាង មេដឹកនាំគណបក្ស Congress លោក Rahul Gandhi ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកាលពីឆ្នាំមុន ក្រោយរងបណ្តឹងពីសមាជិកគណបក្សលោក Modi។ ការកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ បានធ្វើឱ្យរូបលោកបាត់បង់ ឋានៈជាសមាជិកសភាអស់មួយរយៈពេលខ្លី មុនពេលសាលក្រមនោះ ត្រូវបានលុបចោលវិញដោយតុលាការជាន់ខ្ពស់។

បក្ស Congress ស្ថិតក្នុងសម្ព័ន្ធក្រុមបក្សប្រឆាំង ដែលកំពុងសង្ឃឹមថា នឹងអាចប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្រ្តី ពីលោក Modi នៅក្នុង​ការបោះឆ្នោតសកលឆ្នាំនេះ ដែលត្រូវបានរំពឹងថា នឹងរៀបចំឡើងនាខែមេសា ដល់ខែឧសភា ខាងមុខ។ ក្រៅពីលោក Gandhi បុគ្គលលេចធ្លោដទៃទៀត នៅក្នុងសម្ព័ន្ធក្រុមប្រឆាំងនេះ ក៏បានស្ថិតក្រោមការស៉ើបអង្កេត ក៏ដូចជាចាប់ខ្លួនផងដែរ៕

រូបភាពពី AFP