(ឡាអេ)៖ អ៉ីស្រាអែល បានស្នើទៅកាន់តុលាការយុត្តធម៌អន្តរជាតិ (ICJ) ឱ្យច្រានចោលសំណើររបស់អាហ្រ្វិកខាងត្បូង ដើម្បីដាក់ចេញនូវវិធានការគ្រាអាសន្នថែមទៀតក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សា បន្ទាប់ពីអ៉ីស្រាអែលមានផែនការ ពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួនចូលទីក្រុងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

កាលពីខែមុន ICJ បានបង្គាប់ឱ្យអ៉ីស្រាអែល ប្រើប្រាស់គ្រប់វិធានការទាំងអស់ ដើម្បីទប់ស្កាត់កងទ័ពពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ជាករណីមួយដែលស្នើឡើងដោយប្រទេសអាហ្រ្វិកខាងត្បូង។ ដោយឡែក នាដើមសប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានស្នើទៅកាន់ ICJ ឱ្យដាក់ចេញនូវវិធានការគ្រាអាសន្នបន្ថែមទៀត ដើម្បីការពារប្រជាជនសិទ្ធិប៉ាឡេស្ទីននៅក្នុងទីក្រុង Rafah។

តាមឯកសារផ្សព្វផ្សាយដោយ ICJ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៉ីសា្រអែលបានលើកហេតុផលថា វិធានការគ្រាអាសន្ន ដែលដាក់ចេញកាលពី ៣សប្តាហ៍មុន បានគ្របដណ្តប់រួចហើយទៅលើ​ «ស្ថានភាពអរិភាពក្នុងតំបន់ហ្គាហ្សាទាំងមូល» ដូច្នេះ ICJ គួរតែបដិសេធសំណើបន្ថែម ពីសំណាក់អាហ្រ្វិកខាងត្បូង។ អ៉ីស្រាអែល ក៏បានបដិសេធនូវរាល់ការចោទប្រកាន់ពាក់ព័ន្ធនឹង អំពើប្រល័យពូជសាសន៍ ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសផងដែរ។

គួរបញ្ជាក់ថា គេនៅមិនទាន់ប្រាកដទេថា តើក្រុមចៅក្រម ICJ នឹងសម្រេចលើសំណើថ្មីចុងក្រោយបង្អស់នេះ ឬបើកហៅសវនាការបន្ថែម ដើម្បីពិចារណា៕