(កៀវ)៖ ធនាគារពិភពលោក សហភាពអឺរ៉ុប (EU) អង្គការសហប្រជាជាតិ (UN) ព្រមទាំងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញរបាយការណ៍រួមឱ្យដឹងថា អ៊ុយក្រែនត្រូវការថវិកាក្បែរកន្លះទ្រីលានដុល្លារ ដើម្បីយកទៅចំណាយលើកិច្ចប្រឹងប្រែងស្ថាបនាប្រទេសឡើងវិញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ទីក្រុងកៀវកំពុងព្យាយាមស្វែងរកធនធានពីអន្តរជាតិ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួសជុលកសាងទីក្រុង ផ្លូវថ្នល់ ស្ពាន និងរោងចក្រថាមពល ដែលបានរងការបំផ្លិចបំផ្លាញ ឬខូចខាត ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលគិតមកទល់ពេលនេះ បានអូសបន្លាយពេលជិត២ឆ្នាំហើយ។ របាយការណ៍ខាងលើ បានអះអាងថា ថ្លៃចំណាយសម្រាប់ការងារកសាងនិងស្តារឡើងវិញនៅអ៊ុយក្រែន មានចំនួនសរុប៤៨៦ពាន់លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។
របាយការណ៍ដដែល បានបន្តថា អ៊ុយក្រែននឹងត្រូវការថវិកា១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤នេះតែឯងប៉ុណ្ណោះ សម្រាប់តម្រូវការកសាងឡើងវិញ ដែលចាំបាច់បន្ទាន់ៗ ដូចជាការជួសជុលលំនៅដ្ឋាន និងបណ្តាញតភ្ជាប់ផ្នែកដឹកជញ្ជូនសំខាន់ៗ។ ទន្ទឹមគ្នា អ៊ុយក្រែនកំពុងអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច បញ្ចេញទ្រព្យសម្បត្តិរុស្ស៉ី ដែលត្រូវបានបង្កកចំនួនប្រហែល ៣០០ពាន់លានដុល្លារ ដើម្បីយកទៅប្រើក្នុងការងារជួសជុលដ៏ធំសម្បើម នៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
គួរបញ្ជាក់ថា របាយការណ៍ខាងលើ បានរកឃើញថា ប្រមាណជា១០ភាគរយនៃលំនៅដ្ឋានទូទាំងប្រទេសអ៊ុយក្រែន គឺបានរងការខូចខាត ឬបំផ្លិចបំផ្លាញក្នុងសង្រ្គាម ហើយរបាយការណ៍នោះ ក៏បានគូសរំលេចទំហំនៃការប៉ះពាល់ចំពោះបរិស្ថាន និងវិស័យកសិកម្ម ដែលបង្កឡើងដោយសារហេតុការណ៍ផ្ទុះទំនប់ Kakhovka កាលពីខែពាក់កណ្តាលឆ្នាំមុនផងដែរ។ របាយការណ៍ដដែល បានបន្ថែមជាចុងក្រោយថា ការបំផ្លិចបំផ្លាញ គឺប្រមូលផ្តុំនៅតំបន់សមរភូមិមុខចំនួន៤ រួមមាន Donetsk, Lugansk, Kherson និង Zaporizhzhia ប៉ុន្តែក៏នៅជុំវិញរដ្ឋធានីកៀវ និងតំបន់ Kharkiv ភាគឦសាន ថែមទៀតផង៕
រូបភាពពី AFP