(សេអ៊ូល)៖ ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូ ជុង បាននិយាយថាមិនមានឧបសគ្គរារាំងមិនឱ្យ កូរ៉េខាងជើង មានទំនាក់ទំនងជិតស្និទ្ធជាមួយជប៉ុនទេ ហើយក៏អាចនឹងមានថ្ងៃណាមួយដែលលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Fumio Kishida ដែលប្រទេសរបស់លោកមិនមានទំនាក់ទំនងផ្លូវការជាមួយកូរ៉េខាងជើង កាលពីពេលថ្មីៗនេះបានលើកឡើងពីលទ្ធភាពជួបពិភាក្សា ជាមួយលោក គីម ជុងអ៊ុ​ន ដើម្បីដោះស្រាយបញ្ហាពលរដ្ឋជប៉ុន ត្រូវបានចាប់ពង្រត់ដោយចារកម្មកូរ៉េខាងជើង អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។

ជុំវិញការលើកឡើងរបស់លោក Kishida នេះដែរ នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាអ្នកនាង គីម យ៉ូជុង ដែលជាអនុប្រធាននាយកដ្ឋាននៃគណបក្សពលករ បាននិយាយថាការអត្ថាធិប្បាយរបស់លោក Kishida អាចត្រូវបាន ចាត់ទុកជាសញ្ញាវិជ្ជមាន ប្រសិនបើទីក្រុងតូក្យូពិតជាចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំង២ មែននោះ។

អ្នកនាង គីម យ៉ូជុង បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើជប៉ុន...ធ្វើការសម្រេចចិត្តខាងនយោបាយមួយដើម្បីបោះជំហានថ្មីមួយ ក្នុងគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវទំនាក់ទំនងផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក នោះជាទស្សនយល់ឃើញរបស់ខ្ញុំ ប្រទេសទាំង២អាចបើកទំព័រអនាគតថ្មីមួយ»

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ក៏បានទទួលដឹងឮពីការអត្ថាធិប្បាយរបស់អ្នកនាង គីម យ៉ូជុងដែរ តែមិនបានធ្វើអត្ថាធិប្បាយឆ្លើយតបអ្វីនោះទេ ខណៈ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi នៅតែបញ្ជាក់ថាជប៉ុនមិនអាចទទួលយកបានឡើយ ចំពោះគោលជំហររបស់កូរ៉េខាងជើងដែល ថាបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនត្រូវបានដោះស្រាយរួចហើយ៕

រូបភាពពី Reuters