(យ៉េរ៉េវ៉ាន់)៖ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បានព្រមានថាអាស៊ែបៃហ្សង់កំពុងត្រៀមលក្ខណៈធ្វើសង្រ្គាម ទ្រង់ទ្រាយធំមួយប្រឆាំងនឹងប្រទេសរបស់លោក ហើយការព្រមាននេះកើតមានឡើងតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតំបន់ព្រំដែនរវាង ប្រទេសទាំង២ ដោយបណ្ដាលឱ្យទាហានអាមេនី ៤នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភាពតានតឹងរវាងអាមេនី និងអាស៊ែបៃហ្សង់ នៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ចាប់តាំងពីកងកម្លាំងអាស៊ែបៃហ្សង់អាចដណ្ដើមគ្រប់គ្រងទាំងស្រុងលើតំបន់ Nagorno-Karabakh ដែលសម្បូរដោយជនជាតិអាមេនីរស់នៅ កាលពីថ្ងៃកញ្ញា ឆ្នាំ២០២៣ ក្នុងប្រតិបត្តិការយោធាមួយលឿនដូចផ្លេកបន្ទោរ។

នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលអាមេនី លោក Pashinyan បានគូសបញ្ជាក់ដូច្នេះថា «ការវិភាគរបស់យើងបានបង្ហាញថាអាសែបៃហ្សង់មានបំណងធ្វើសកម្មភាព យោធានៅតាមផ្នែកខ្លះនៅតាមតំបន់ព្រំដែន ដែលអាចនឹងធ្វើឱ្យភាពតានតឹងយោធា ផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំមួយប្រឆាំងនឹងអាមេនី»។ លោកបន្តថា គោលបំណងនេះអាចមើលឃើញយ៉ាងច្បាស់នៅក្នុងសេចក្ដីថ្លែងការណ៍ជាច្រើន និងសកម្មភាពរបស់អាសែបៃហ្សង់។

គួរបញ្ជាក់ថា អាមេនី មានការព្រួយបារម្ភថាអាស៊ែបៃហ្សង់ អាចនឹងឈ្លានពានទឹកដីរបស់ខ្លួនបន្ថែមទៀត ក្នុងគោលដៅសាងសង់ផ្លូវមួយឆ្ពោះទៅកាន់តំបន់ Nakhchivan បន្ទាប់ពីទទួលបានជោគជ័យក្នុងការដណ្ដើមកាន់កាប់តំបន់ Nagorno-Karabakh។ ប៉ុន្តែ ប្រធានាធិបតីអាសែបៃហ្សង់ លោក Ilham Aliyev ដែលទើបតែជាប់ឆ្នោត មួយអាណត្តិទៀតក្នុងខែកុម្ភៈនេះ បានលើកឡើងអំឡុងពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃពុធសប្ដាហ៍នេះថា គឺអាមេនីទៅវិញទេដែលកំពុងទាមទារទឹកដីពី អាសែបៃហ្សង់៕

រូបភាពពី AFP