(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បាននិយាយថាលោក បានច្រានចោលផែនការសម្រាប់ការទទួលស្គាល់របស់អន្តរជាតិចំពោះរដ្ឋប៉ាឡេស្ទីនមួយ ដោយអះអាងថាគំនិតផ្ដួចផ្ដើមបែបនេះគឺប្រៀបដូចជាការផ្ដល់រង្វាន់ ឱ្យក្រុមភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់លោក Netanyahu គឺប្រហាក់ប្រហែលគ្នាទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីអ៉ីស្រាអែលស្ដាំនិយមជ្រុលដ៏មានឥទ្ធិពល ២រូប គឺលោក Itamar Ben-Gvir និងលោក Bezalel Smotrich ដែលបានច្រានចោលសេចក្ដីរាយការណ៍ពីផែនការបង្កើតរដ្ឋប៉ាឡេស្ទីនគាំទ្រដោយអន្តរជាតិ ចុះផ្សាយដោយ កាសែតអាមេរិក Washington Post។

Washington Post ដោយផ្អែកលើក្រុមមន្ត្រីការទូតអាមេរិក និងអារ៉ាប់ជាច្រើននាក់ បានរាយការណ៍ថាសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ អ៉ីស្រាអែល បាន និងកំពុងធ្វើការជាមួយបណ្ដាប្រទេសអារ៉ាប់ជាច្រើន ស្ដីពីផែនការសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងមួយរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ តាមកាសែតអាមេរិកដដែល ផែនការនេះក៏មានរួមបញ្ចូលទាំងការកំណត់រយៈពេលជាក់លាក់មួយ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនផងដែរ។

ប៉ុន្តែ នៅលើសារមួយជាភាសា Hebrew លើបណ្ដាញទំនាក់ទំនងសង្គម X លោក Netanyahu បានច្រានចោលផែនការនេះ ហើយបញ្ជាក់ថាអ៉ីស្រាអែលនឹង បន្តបដិសេធការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយឯកតោភាគី។ លោកបន្ថែមដូច្នេះថា «ការទទួលស្គាល់របៀបនេះ ក្រោយការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា គឺជាការផ្ដល់រង្វាន់ដល់ក្រុមភេរវករ និងមានតែរារាំងដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនៅពេលអនាគតតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមកាសែត Washington Post ផែនការខាងលើ នឹងត្រូវចាប់ផ្ដើមជាមួយបទឈប់បាញ់មួយសម្រាប់តំបន់ហ្កាហ្សា ដែលត្រូវបានគេរំពឹងថា មានរយៈពេល ៦សប្ដាហ៍ ខណៈមានការលើកឡើងជាច្រើនថាកិច្ចព្រមព្រៀងមួយអាចនឹងត្រូវសម្រេចឡើង នៅមុនអ្នកកាន់សាសនាអ៉ីស្លាមនៅទូទាំង ពិភពលោកចាប់ផ្ដើមអនុវត្តការតមអាហារ ក្នុងខែ Ramadan ប្រហែលអាចនៅថ្ងៃទី១០ ខែមីនាក្រោយនេះ៕

រូបភាពពី AFP