(ម៉ូស្គូ)៖ អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា មនុស្ស ០៦ នាក់ រួមទាំងក្មេងស្រីអាយុ ១ ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍លើទីក្រុង Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Gladkov បានគូសបញ្ជាក់បន្ថែមថា មនុស្ស ១៧ នាក់ផ្សេងទៀត រួមទាំងកុមារ ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ ៦ នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានពិពណ៌នាព្រឹត្តិការណ៍នេះថាជា «អំពើភេរវកម្មដោយរបបក្រុងគៀវ» ហើយបាននិយាយថា ប្រទេសរុស្ស៊ីនឹងលើកបញ្ហានេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុងគៀវលើការវាយប្រហារនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនចំនួន ១៤ គ្រាប់ពីលើតំបន់ Belgorod ។
គួរបញ្ជាក់ថា Belgorod គឺជាទីក្រុងដ៏សំខាន់បំផុតរបស់រុស្ស៊ី ដែលនៅជិតព្រំដែនជាមួយអ៊ុយក្រែន ហើយទីក្រុងនេះ និងតំបន់ជុំវិញនោះត្រូវបានរងការវាយប្រហារម្តងហើយម្តងទៀតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីបានបញ្ជូនកងកម្លាំងចូលទៅក្នុងអ៊ុយក្រែននៅក្នុងអ្វីដែលហៅថា «ប្រតិបត្តិការយោធាពិសេស»។
អាជ្ញាធររុស្ស៊ីបាននិយាយថា ការវាយប្រហារដ៏ធំបំផុតមួយទៅលើទីក្រុង Belgorod កាលពីចុងខែធ្នូកន្លងទៅ បានសម្លាប់ជនស៊ីវិល ២៥នាក់ ខណៈដែលខ្លួនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញពីមជ្ឈមណ្ឌលសហព័ន្ធ ទៅទីក្រុងនោះ៕
រូបភាពពី AFP