(ហ្គាហ្សា)៖ អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារដ៏សាហាវថ្មីមួយទៅលើតំបន់ហ្គាហ្សាភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ (ទី ១៥ ខែកុម្ភៈ) ដោយយោធាក៏បានវាយឆ្មក់ចូលមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់នេះផងដែរ ខណៈដែលវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីភាពចលាចល សំរែក និងសំឡេងនៃការបាញ់ប្រហារ នៅក្នុងច្រករបៀងងងឹត ដែលពោរពេញដោយធូលី និងផ្សែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ដោយបញ្ជាក់ថា កងកម្លាំងពិសេសរបស់ខ្លួនកំពុងបើកប្រតិបត្តិការយោធានៅក្នុងមន្ទីរពេទ្យ Al-Nasser ក្នុងទីក្រុង Khan Younis កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលបាននិយាយថា ខ្លួនទទួលបានព័ត៌មានមួយគួរឱ្យទុកចិត្តថា សាកសពចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា អាចនឹងស្ថិតនៅក្នុងកន្លែងនោះ។ ប៉ុន្តែអ្នក​នាំ​ពាក្យ​ក្រុម​ហាម៉ាស​បាន​បដិសេធ​ការ​លើក​ឡើង​នេះ ដោយ​ពិពណ៌នាវា​ជា «​ការប្រឌិត»។

អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា អ៊ីស្រាអែលបានបង្ខំឱ្យមនុស្សផ្លាស់ទីលំនៅ និងបង្ខំក្រុមគ្រួសារបុគ្គលិកពេទ្យដែលស្នាក់នៅក្នុងមន្ទីរពេទ្យឱ្យចាកចេញ។

គួរជម្រាបថា នៅពេលដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបំផ្លាញតំបន់លំនៅដ្ឋានជាច្រើន ហើយបានបង្ខំមនុស្សភាគច្រើនចេញពីផ្ទះរបស់ពួកគេ នៅពេលនោះមន្ទីរពេទ្យក៏បានក្លាយទៅជាទីតាំងដ៏សំខាន់សម្រាប់ជនភៀសខ្លួន ដោយពួកគេគិតថា ទំនងជាមានសុវត្ថិភាព។​

អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថា បានប្រើប្រាស់មន្ទីរពេទ្យ រថយន្តសង្គ្រោះ និងសម្ភារៈបរិក្ខារពេទ្យផ្សេងទៀតសម្រាប់គោលបំណងយោធា ហើយបានបង្ហាញវីដេអូដែលកងទ័ពរបស់ខ្លួន បានប្រទះឃើញអាវុធមួយចំនួននៅក្នុងផ្លូវរូងក្រោមដី និងនៅក្រោមមន្ទីរពេទ្យមួយចំនួន។

កងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពបានអនុវត្ត «ការវាយឆ្មក់តាមគោលដៅកំណត់» នៅទីក្រុង Khan Younis ភាគខាងត្បូងពេញមួយយប់ ហើយបានសម្លាប់ «ភេរវករមួយចំនួន» និងក៏បានវាយប្រហារលើ «ហេដ្ឋារចនាសម្ព័ន្ធភេរវករក្រោមដី» ផងដែរ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ១០៧ នាក់ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ។

ការិយាល័យមនុស្សធម៌ របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា មន្ទីរពេទ្យ Al-Nasser ស្ថិតនៅក្រោមការឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ថា បានបើកការបាញ់ប្រហារលើអគារនេះ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតបុគ្គលិកពេទ្យ អ្នកជំងឺ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចេញពីទីនោះ។

ការប្រយុទ្ធគ្នានៅមន្ទីរពេទ្យបានកើតឡើង នៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីបង្ហាញការអត់ធ្មត់ក្នុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា បន្ទាប់ពីបានប្តេជ្ញាថា នឹងបើកការវាយលុកចូលទៅក្នុងទីក្រុង Rafah ដែលជាកន្លែងសុវត្ថិភាពចុងក្រោយសម្រាប់ជនស៊ីវិល៕

រូបភាពពី Reuters