(វ៉ាស៉ីនតោន)​៖ ស្ថាប័នព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងសម្លេងភាគច្រើន ដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តកញ្ចប់ថវិកាតម្លៃ ៩៥,៣៤ពាន់លានដុល្លារដែលជាជំនួយសម្រាប់ប្រទេស អ៊ុយក្រែន, អ៊ីស្រាអែលនិងកោះតៃវ៉ាន់។ សំណើកញ្ចប់ថវិកានេះ នឹងត្រូវបញ្ជួនទៅស្ថាប័នព្រឹទ្ធស ភាដើម្បីរកការអនុម័តជាបន្ថែមទៀត។ តើសំណើកញ្ចប់ថវិកាដែលរួមមានទាំងកញ្ចប់ជំនួយ ដល់អ៊ុយក្រែនចំនួន៦០ពាន់លានដុល្លារនេះ នឹងអាចមានច្រកចេញរួចដែរឬទេ?

កញ្ចប់អនុម័តថវិកានោះ នឹងត្រូវបញ្ជួនទៅស្ថាប័នសភា តំណាងរាស្ត្រដែលជាស្ថាប័នគ្រប់គ្រងដោយសម្លេងភាគច្រើន ពីគណបក្សសាធារណរដ្ឋថែម ទៀតដើម្បីរកការយល់ព្រមជាចុងក្រោយ។ ប៉ុន្តែក្តីសង្ឃឹមត្រូវគេរំពឹងថាមានតិចតួចណាស់ ដោយសារតែប្រធានសភាតំណាងរាស្ត្រលោក Mike Johnson បានថ្លែងប្តេជ្ញាមុននេះថាគេ នឹងមិនគាំទ្រនូវច្បាប់ ស្នើថវិកានោះឡើយបើទោះបីជាច្បាប់នោះបានចេញរួចពីស្ថាប័ន ព្រឹទ្ធសភានោះក៏ដោយ។

សមាជិកព្រឹទ្ធសភាបានធ្វើកិច្ចការនេះ ទាំងកណ្តាលយប់និងបានបោះឆ្នោតវេលាទាបភ្លឺ ក្នុងសំឡេង៧០ទល់នឹង២៩ ដែលជាសម្លេងលើសពីចំនួន កំណត់ត្រឹម៦០ដើម្បីការអនុម័តលើ កញ្ចប់ថវិកានេះ មុននឹងបញ្ជួនបន្តទៅកាន់ស្ថាប័នសភាតំណាងរាស្ត្រ ទៀតនោះ។ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ ចំនួន២២នាក់ បានចូលរួមជាមួយនឹងគណបក្សប្រជាធិបតេយ្យ ក្នុងការគាំទ្រឱ្យមានការអនុម័តច្បាប់នេះ ក្នុងស្ថាប័នព្រឹទ្ធសភា បើទោះបីជាពេលមុន នេះសមាជិកគណបក្សសាធារណរដ្ឋទាំងនោះ បានប្រកែកមិនគាំទ្រលើច្បាប់នោះក៏ដោយ។ ប៉ុន្តែកិច្ចប្រឹងប្រែងធ្វើការងារទាំងកណ្តាល យប់របស់ស្ថាប័នព្រឹទ្ធសភា ទីបំផុតក៏អាចអូសទាញ សមាជិកព្រឹទ្ធសភាទាំង២២រូប របស់គណបក្សសាធារណរដ្ឋមកគាំទ្រលើច្បាប់ស្នើថវិកានេះ ខណៈ២៦រូបទៀតបានបោះឆ្នោតប្រឆាំង។

ហេតុអ្វីបានជាសមាជិកព្រឹទ្ធសភាខ្លះពីគណបក្សសាធារណរដ្ឋផ្លាស់ប្តូរទឹកចិត្ត?

ជាច្រើនថ្ងៃកន្លងមកនេះ គណបក្សប្រជាធិបតេយ្យក្នុងសភាទាំង២ថ្នាក់ ត្រូវគេនិយាយថា បានប្រឆាំងនឹងសំណើកញ្ចប់ជំនួយយោធា ជួយទៅប្រទេសអ៊ុយក្រែននោះ ប៉ុន្តែការផ្លាស់ប្តូរចិត្តទៅវិញនោះ ត្រូវគេបន្ទោសថាដោយសារតែពាក្យសម្តីរបស់លោក ដូណាល់ត្រាំក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ South Carolina កាលពីចុងសប្តាហ៍កន្លងមក។

លោកដូណាល់ត្រាំ ដែលកំពុងធ្វើដំណើរទៅរកការកាន់អំណាចក្នុងសេតវិមានជាលើកទី២ បាននិយាយបង្ហាញថាបើសមាជិក អង្គការណាតូណាមិនបានបំពេញកាតព្វកិច្ចចំណាយ លើវិស័យយោធារបស់ខ្លួនដូចតាម ការកំណត់នោះទេ, សហរដ្ឋអាមេរិកនឹង មិនជួយការពារប្រទេសនោះឡើយ។ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថែមទាំងបានប្រើ សម្តីជំរុញឱ្យរុស្ស៊ីឈ្លាន ពានដល់សមាជិកអង្គការណាតូណា ដែលមិនបានបំពេញកាតព្វកិច្ច ចំណាយលើវិស័យយោធារបស់ខ្លួនថែមទៀត។

ប៉ុន្តែ ក្រោយសម្តីរបស់លោកដូណាល់ត្រាំ ដែលទទួលបានការរិះគន់នានាជាច្រើនមកនោះ, សមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋខ្លះ ដែលធ្លាប់តែប្រឆាំងនឹងសំណើកញ្ចប់យោធា ដល់អ៊ុយក្រែននោះស្រាប់តែបានផ្លាស់ប្តូរចិត្តរបស់ខ្លួនទៅវិញ។លោក ចូ បៃដិន បានថ្លែងថាដោយសារតែសម្តីរបស់លោក ដូ ណាល់ត្រាំ នោះហើយទើបបាន សមាជិកសភាអាមេរិកធ្វើការអនុម័ត ច្បាប់ដែលគាំងជាប់ជាយូរមកហើយនោះ ដើម្បីជួយមកប្រទេសអ៊ុយក្រែនវិញ។ ថ្លែងកាលពីថ្ងៃអង្គារ៍ទី១៣កុម្ភៈ លោក ចូ បៃដិន បានថ្លែងលើកទឹកចិត្ត ឱ្យស្ថាប័នសភាតំណាងរាស្ត្រត្រូវបោះឆ្នោតគាំទ្រ ដល់វិធានការជួយអ៊ុយក្រែននោះ ថែមទៀត។ លោកចូបៃដិនបាន និយាយថា បើសិនជាគាំទ្រដល់ច្បាប់ថវិកាជួយអ៊ុយក្រែន គឺមានន័យថាការងើបឈរឡើងប្រឆាំងនឹងលោកពូទីន… ប៉ុន្តែបើបោះឆ្នោតប្រឆាំងនឹងច្បាប់នោះ មានន័យថាជាការលេងល្បែង សង្គ្រាមក្នុងកណ្តាប់ដៃរបស់មេដឹកនាំរុស្ស៊ីនោះ។

នៅក្នុងការបោះឆ្នោតនោះដែរ, សមាជិកគណបក្សប្រជាធិបតេយ្យ២រូប បានបោះឆ្នោតប្រឆាំង រីឯ៤៦រូបដទៃទៀតបានបោះឆ្នោតគាំទ្ររួមគ្នា នឹង សម្លេងសមាជិកឯករាជ្យចំនួន២នាក់ផ្សេងទៀត បានធ្វើឱ្យសម្លេង គាំទ្រកើនដល់៧០សម្លេង និង២៩សម្លេងជំទាស់។ មេដឹកនាំសម្លេងភាគច្រើន នៃព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ គឺលោក Chuck Schumer បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វាពិតជាមានរយៈពេលជាច្រើនឆ្នាំមកហើយ ប្រហែលជារាប់ទសវត្សរ៍មកផង ចាប់តាំងពីព្រឹទ្ធសភាបានអនុម័តច្បាប់មួយ ដែលជះឥទ្ធិពល យ៉ាងខ្លាំងមិនត្រឹមតែរឿងសន្តិសុខរបស់ជាតិ និងរឿងសន្តិសុខនៃសម្ព័ន្ធមិត្ត របស់យើង ប៉ុណ្ណោះទេ ប៉ុន្តែ វាជារឿងសន្តិសុខនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសលោកខាងលិចផង ដែរ"។

លោក Chuck Schumer បាននិយាយទៀតថា ការបោះឆ្នោតគាំទ្រច្បាប់ថវិកាក្នុងព្រឹទ្ធ សភានាពេលនេះពិតជាបានធ្វើឱ្យមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីនមានការខកចិត្តជាខ្លាំង និងលោកបន្តថាការបោះឆ្នោតនេះទៀត គឺជាសារច្បាស់លាស់ប្រាប់ទៅមេដឹកនាំចិនផងដែរ សូមកុំសាកល្បងចំពោះការតាំងចិត្តរបស់សហរដ្ឋអាមេរិកឱ្យសោះ។ លោក Chuck Schumer បានប្រាប់សន្និសីទសារព័ត៌មាន បញ្ជាក់ថា លោកមានទំនុកចិត្តថា ច្បាប់នេះពិតជានឹងត្រូវអនុម័តដោយ ស្ថាប័នសភាតំណាងរាស្ត្រជាមួយនឹងការគាំទ្រដោយ សមាជិករបស់គណបក្សទាំង២ ប្រសិនណាបើប្រធានសភា នៃគណបក្សសាធារណរដ្ឋលោក Mike Johnson នឹងអនុញ្ញាតឱ្យមានការបោះឆ្នោត។

មេដឹកសម្លេងភាគច្រើនព្រឹទ្ធសភាលោក Chuck Schumer បានថ្លែង ថាលោក «អំពាវនាវ សូមឱ្យប្រធានសភា លោក Mike Johnson ក្រោកឈរឡើងក្នុងឱកាសនេះដើម្បីធ្វើរឿងដ៏ត្រឹមត្រូវនោះ គឺការយកច្បាប់នេះដាក់ ទៅក្នុងសភាថ្នាក់ទាប ដើម្បីធ្វើការបោះឆ្នោតឱ្យបានឆាប់»។ បើទោះបីជាច្បាប់នេះ ត្រូវបានស្ថាប័នព្រឹទ្ធសភាបានអនុម័តនោះមែន ប៉ុន្តែមិនមានភាពច្បាស់ លាស់ណាដែលបង្ហាញថាប្រធានសភាតំណាងរាស្ត្រលោក Mike Johnson នឹងត្រូវធ្វើតាមដូច តាមការស្នើនោះឡើយ ខណៈដែលគណបក្សសាធារណរដ្ឋ បានបន្ទោសមុននេះថាច្បាប់នោះ មិនបានចែងគ្រប់គ្រាន់ត្រឹមត្រូវ ក្នុងការទប់ស្កាត់លំហូ របស់ក្រុមធ្វើចំណាកស្រុកឆ្លងកាត់ព្រំ ដែនម៉ិចស៊ីកូ ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកឡើយ។ ចំពោះគណបក្សបក្សប្រជាធិបតេយ្យ ច្បាប់នេះមានអត្ថន័យសំខាន់ណាស់ សម្រាប់ការជួយរក្សាលំនឹងអ៊ុយក្រែនដើម្បីការបន្ត ដង្ហើមដករបស់ខ្លួន សម្រាប់ស្វែងរកឱកាសយកឈ្នះ លើការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ខណៈសង្គ្រាមត្រៀមនឹងឈានចូលដល់ឆ្នាំទី៣ នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

ប្រធានសភាតំណាងរាស្ត្រអាមេរិក បានថ្លែងបង្ហាញកាលពីថ្ងៃចន្ទទី១២កុម្ភៈថា បើទោះបី កញ្ចប់ជំនួយនោះនឹងអាចធ្វើដំណើរចេញរួច ពីស្ថាប័នព្រឹទ្ធសភាក៏ដោយ ប៉ុន្តែសមាជិកសភា តំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋ ដែលមានសម្លេងគ្រប់គ្រងភាគច្រើន នឹងមិនយល់ ព្រមទៅលើច្បាប់នោះឡើយ។ លោក Mike Johnson ឆ្លើយតបនឹងសំណួរដែលចង់ដឹងថា តើ លោកនឹងយកច្បាប់ស្នើថវិកា នោះដើម្បីឱ្យមានការបោះឆ្នោតដែរឬទេ? លោកបានឆ្លើយថា «ខ្ញុំពិតជាមិនធ្វើឡើយ» និងលោកបាននិយាយថា សមាជិកសភាកុងហ្គ្រេសជាប់រវល់នឹងរឿង ផ្សេងៗជាច្រើនថែមទៀត។

កញ្ចប់ថវិកាតម្លៃ៩៥,៣៤ពាន់លានដុល្លារ រួមមានការស្នើ៦១ពាន់លានសម្រាប់អ៊ុយក្រែន, ១៤ពាន់លានសម្រាប់អ៊ីស្រាអែល ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនិង៤,៨៣ពាន់ លានសម្រាប់ជួយដល់ដៃបណ្តាដៃគូអាមេរិក ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានទាំងកោះ តៃវ៉ាន់និងការទប់ស្កាត់ការគំរាមកំហែងរបស់ប្រទេសចិន ផងដែរ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននឹងកំពុងជំរុញយ៉ាងខ្លាំងក្លាដើម្បីស្វែងរកការ អនុម័តកញ្ចប់ថវិកាពី ស្ថាប័នសភាតំណាងរាស្ត្រអាមេរិកនេះ ដើម្បីការផ្តល់ជំនួយដល់អ៊ុយក្រែន ប៉ុន្តែអស់រយៈពេលជាច្រើនខែមកហើយ សំណើកញ្ចប់ថវិកានេះ ត្រូវបានរាំងស្ទះជា រហូតដោយសារការប្រឆាំងរបស់គណបក្សសាធារណរដ្ឋ ជាពិសេសនៅក្នុងសភាតំណាងរាស្ត្រនេះ។ ការសន្យារបស់ រដ្ឋបាលលោក ចូ បៃដិន ចំពោះការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ត្រូវបានជាប់គាំងរហូតចាប់តាំងពីចុងឆ្នាំ២០២៣ កន្លងមក។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានត្អូញត្អែរនូវការខ្វះខាតគ្រឿងសព្វាវុធក្នុងស្ថានការណ៍ដែល រុស្ស៊ីបានធ្វើការវាយប្រហារ នៅតាមបណ្តាសមរភូមិ មុខដាក់មកលើកងទ័ពអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែង សាទរចំពោះការអនុម័តច្បាប់នេះក្នុងស្ថាប័នព្រឹទ្ធសភា។ លោក Zelenskyy បានសរសេរ ក្នុងបណ្តាញសង្គមថា «ជំនួយរបស់អាមេរិកនោះ នឹងនាំមកនូវសន្តិភាពដែលកាន់តែកៀកជិត នៅក្នុងប្រទេសអ៊ុយក្រែន និងការស្តារស្ថិរភាពពិភពលោកឡើងវិញ និងជួយបង្កើនសន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជនអាមេរិកទាំងអស់ និងពិភពលោកសេរីទាំងមូល»

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូល៧២១ថ្ងៃហើយគិតត្រឹមថ្ងៃទី១៤កុម្ភៈឆ្នាំ ២០២៤ ជាមួយនឹងសេចក្តីរាយការណ៍ បង្ហាញថារុស្ស៊ីក៏បានចាប់ផ្តើមប្រើប្រាស់ អាវុធលេខ១របស់ខ្លួន ជាលើកដំបូងផងដែរ។ សេចក្តីរាយការណ៍ក្រុមស៊ើបការណ៍សម្ងាត់ របស់ប្រទេសណ័រវ៉េ បាន ឱ្យដឹងថារុស្ស៊ី បានធ្វើការវាយប្រហារខ្លាំងក្លាដាក់ មកលើកងកម្លាំងអ៊ុយក្រែនដែលកំពុងរងនឹង ចំណោទខ្វះគ្រឿងសព្វាវុធយោធា។ សេចក្តីរាយការណ៍ដដែលបាន និយាយថារុស្ស៊ីមានប្រៀប នៅក្នុងការធ្វើសង្គ្រាមដោយសារតែរុស្ស៊ី មានទាហានច្រើនលើសលប់, មានសម្ភារៈសឹកយោធាជាច្រើន ដែលផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់, ចិន, កូរ៉េខាងជើងនិងប្រទេសបេឡារុស។ នាយកចារកម្មសម្ងាត់របស់ ប្រទេសណ័រវ៉េ លោក Nils Adreas Stensones បានថ្លែង ថាដើម្បីអាចស្តារស្ថានការណ៍ លើសមរភូមិបានមកវិញ, រដ្ឋាភិបាលក្រុងគៀវ នឹងត្រូវការជំនួយយោធាជាច្រើន ពីប្រទេសលោកខាងលិច។

ក្រុមអ្នកស្រាវជ្រាវក្នុងក្រុងគៀវបានថ្លែងថា ការវិភាគជាបឋមមួយបានសន្និដ្ឋានថារុស្ស៊ីកាលពី សប្តាហ៍មុនបានបាញ់មីស៊ីលលឿនជាង សម្លេង Zirconដែលជាអាវុធលេខមួយបង្អស់របស់ រុស្ស៊ីដាក់ទៅលើក្រុងគៀវ ដែលការប្រើមីស៊ីលលឿនជាងសម្លេងប្រភេទនេះគឺជា លើកដំបូង បង្អស់ហើយក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។

មីស៊ីលលឿនជាងសម្លេង Zircon ជាមីស៊ីលបាញ់រយៈចម្ងាយ១ពាន់គីឡូម៉ែត្រ និងធ្វើដំណើរលឿនជាងសម្លេង៩ដង។ រុស្ស៊ីតែងចាត់ទុកមីស៊ីលលឿនជាងសម្លេង Zircon ជាអាវុធដ៏មាន ឥទ្ធិពលលើសលុបមួយដែលគ្មានអាវុធណាអាចយកឈ្នះបានឡើយ។ វិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្ត្រនៃជំនាញកោសល្យវិច័យ បានថ្លែងថាការសន្និដ្ឋាន ប្រើប្រាស់អាវុធលេខ១របស់ រុស្ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីក្រុមជំនាញបានប្រមូលយក អំបែងនិងកម្ទេចកម្ទីក្រោយការ វាយប្រហារថ្ងៃទី៧កុម្ភៈបាញ់ដាក់ទៅលើទីក្រុងគៀវ។

វិទ្យាស្ថានស្រាវជ្រាវនេះ បាននិយាយ ថាវាជាលើកដំបូងហើយដែលរុស្ស៊ី បានប្រើអាវុធលេខ១របស់ខ្លួន ដែលអាចធ្វើដំណើរទម្លុះ ប្រព័ន្ធអាវុធការពារដែនអាកាស បានយ៉ាងនេះ។ ការវាយប្រហារកាលពីថ្ងៃទី៧កុម្ភៈនោះ មានមនុស្សស្លាប់បួននាក់ និង៣៨នាក់ដទៃទៀតបានរងរបួស។ អ៊ុយក្រែនបានថ្លែងថាក្រៅពីអាវុធ មីស៊ីល Zircon, រុស្ស៊ីនៅបានបាញ់មីស៊ីលបាលីស្ទីកប្រភេទ Iskander ចំនួន៣គ្រាប់ និង មីស៊ីល 4K-22 ថែមទៀត។ អ៊ុយក្រែនធ្លាប់បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ ខ្លួនធ្លាប់បាញ់ទម្លាក់មីស៊ីលបាលីស្ទីក Iskander មួយគ្រាប់ផងដែរកាលពីពេលមុន ប៉ុន្តែចំពោះអាវុធមីស៊ីលទំនើបៗដែលរុស្ស៊ី បានវាយប្រហារដាក់វេលាចុងក្រោយនេះ មិនមានសេចក្តីរាយការណ៍ជុំវិញការអាចបាញ់ទម្លាក់បានឡើយ។ រុស្ស៊ីមិនទាន់មាន ការអះអាងឆ្លើយតប ណាមួយពីរុស្ស៊ីជុំវិញការប្រើប្រាស់អាវុធមីស៊ីលលេខ១ របស់ខ្លួននេះឡើយ។

នៅជាមួយគ្នានេះផងដែរ, ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយ ក្រែនបានថ្លែងថាគេបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន១៤គ្រឿង ក្នុងចំណោម១៧គ្រឿងដែលរុស្ស៊ីបានបង្ហោះក្នុងការវាយប្រហារក្នុងពេលយប់ និងនៅបាញ់ទម្លាក់មីស៊ីលប្រភេទ Kh-59 មួយគ្រឿងថែមទៀត។ សេចក្តីរាយការណ៍បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យ ខូចខាតអគារជាច្រើនរួម ទាំងអគារនៅក្នុងទីក្រុង Dnipro ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ឡើយនៅក្នុងក្រុង Dnipro នោះ។

សេចក្តីរាយការណ៍បានបន្តថា ខណៈដែលអ៊ុយក្រែនដែលកំពុងត្រូវការជំនួយជាបន្ទាន់នោះ, សហភាពអឺរ៉ុបបានអនុម័តច្បាប់មួយ ដែលដកយកប្រាក់បង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីពី ធនាគារកណ្តាលរុស្ស៊ីដើម្បីផ្តល់ទៅឱ្យអ៊ុយក្រែនក្នុងការជួយ កសាងប្រទេសសាឡើងវិញ។ ទ្រព្យសម្បត្តិដែលបង្កកពីធនាគារកណ្តាលនោះ មានចំនួនប្រមាណ៣២៣ពាន់លានដុល្លារ។

ប្រទេសរុស្ស៊ីនៅជាមួយគ្នានេះ បានចេញសារព្រមានទៅប្រទេសលោកខាងលិចវិញ ប្រសិនណាបើហ៊ានដកយកប្រាក់បង្កករបស់រុស្ស៊ី ទៅប្រើប្រាស់មែននោះ។ ស្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅក្រុមប្រទេសលោកខាងលិច ថាជាចោរ និងបញ្ជាក់ថារដ្ឋាភិបាលក្រុងម៉ូស្គូ នឹងធ្វើការឆ្លើយតបយ៉ាងតឹងតែងដាក់ទៅវិញ។ រុស្ស៊ីបានថ្លែងថា គេនឹងរឹបអូសយកវិញ នូវទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលជា ការឆ្លើយតបចំពោះការរឹបអូសយក ទ្រព្យសម្បត្តិរបស់រុស្ស៊ីនេះ៕

រូបភាពពី Reuters