(តេហេរ៉ង់)៖ ទីប្រឹក្សាផ្នែកច្បាប់របស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Dehghan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះថា អ៉ីរ៉ងនឹងធ្វើការឆ្លើយតបវិញ ប្រសិនបើមានការរឹបអូសកប៉ាល់របស់ខ្លួន ដោយនេះជាការបញ្ជាក់ ចំពោះសេចក្តីថ្លែងការណ៍ របស់ក្រសួងយុត្តិធម៌អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងខែកុម្ភៈនេះ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសពីការរឹបអូសប្រេងជាង ៥០០,០០០បារ៉ែលរបស់អ៉ីរ៉ង់ ដើម្បីទប់ស្កាត់បណ្តាញហិរញ្ញវត្ថុ របស់កងឆ្មាំបដិវត្តន៍។ លោក Mohammad Dehghan បានបញ្ជាក់ថា «ប្រសិនបើនាវាណាមួយរបស់អ៉ីរ៉ង់ ត្រូវបានរឹបអូស យើងនឹងឆ្លើយតបវិញ ហើយវិធីសាស្រ្តផ្លូវច្បាប់មិនត្រូវយកមកប្រើក្នុងបញ្ហានេះទេ»។ យ៉ាងនេះក្តី លោក Dehghan មិនបានបញ្ជាក់ទេ ថាតើមានការរឹបអូសកប៉ាល់អ៉ីរ៉ង់ពីសំណាក់អាជ្ញាធរអាមេរិក ឬអត់នោះ។
គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ ២០២៣មក ការដឹកជញ្ជូនរបស់ពិភពលោក បានរងការរំខាននៅឯតំបន់សមុទ្រក្រហម ដោយក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន បានកំណត់គោលដៅលើកប៉ាល់ ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល ក្នុងន័យបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា៕
រូបភាពពី Reuters