(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងដៃគូផ្សេងទៀត បានពិភាក្សាគ្នាក្នុងសប្តាហ៍នេះ អំពីការដាក់ទណ្ឌកម្មលើរុស្ស៉ី មុនថ្ងៃខួប ២ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន ដែលមន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបនិយាយថា វ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តត្រៀមដាក់ដាក់ចេញ នូវទណ្ឌកម្មកាន់ខ្លាំងក្លាថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

រុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ មន្រ្តីអាមេរិករូបនោះ បានប្រាប់ Reuters ឱ្យដឹងទៀតថា «ពួកយើងភាគច្រើន បានត្រៀមខ្លួនដើម្បីដាក់ចេញនូវកញ្ចប់ទណ្ឌកម្មដ៏ខ្លាំងក្លា ចំថ្ងៃខួបនៃសង្រ្គាមនោះ» ប៉ុន្តែបដិសេធផ្តល់ព័ត៌មានលម្អិត។ ខណៈកិច្ចប្រជុំនៅទីក្រុងព្រុចសែល គ្មានការផ្តោតលើទណ្ឌកម្មថ្មីណាមួយ មន្ត្រីដដែលរូបនេះនិយាយថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនមានកញ្ចប់ទណ្ឌកម្មដែលបានគ្រោងទុករួចហើយ។ មន្ត្រីរូបនេះបានបន្ថែមថា វិធានការរបស់សហរដ្ឋអាមេរិក នាពេលខាងមុខ នឹងរាប់បញ្ចូលទាំងការប្រឆាំងនឹងការគេចវេះ ពីការដាក់ទណ្ឌកម្ម ខណៈវ៉ាស៊ីនតោនកំពុងស្វែងរកការទប់ស្កាត់ ការលួចប្រើប្រាស់ទំនិញ និងប្រាក់ចំណូលរបស់រុស្ស៉ី ក្នុងសមរភូមិប្រយុទ្ធ។

គួរបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មនឹងអាចដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តចង់រក្សាសម្ពាធលើរុស្ស៉ី ស្របពេលជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែនស្ថិតក្នុងលក្ខណៈស្រពិចស្រពិលនៅឡើយ៕