(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៉ីចប់អាណត្តិ លោក Joko Widodo បានឱ្យដឹងថា រូបលោកបានចូលរួម​អបអរសាទរ រដ្ឋមន្រ្តីការពារជាតិលោក Prabowo Subianto បន្ទាប់ពីលទ្ធផលក្រៅផ្លូវការបានបង្ហាញថា លោក Prabowo គឺជាអ្នក​ដែលទទួលបានជ័យជម្នះដាច់តែម្តង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី នាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅពេលត្រូវក្រុមអ្នកកាសែតសាកសួរថា តើលោកបានអបអរសាទរលោក Prabowo និងដៃគូឈរឈ្មោះអនុប្រធានាធិបតីរបស់លោក ដែរឬទេ លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំបានចូលរួមអបអរសាទរដោយផ្ទាល់រួចហើយនៅយប់មិញ»។ បេក្ខជនដែលជាដៃគូឈរឈ្មោះរបស់លោក Prabowo គឺកូនប្រុសច្បងរបស់លោក Joko Widodo ផ្ទាល់ ឈ្មោះ Gibran Rakabuming Raka អាយុ៣៦ឆ្នាំ ដែលនឹងត្រូវក្លាយជា អនុប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសឥណ្ឌូណេស៉ី។

គួរបញ្ជាក់ថា លោក Prabowo វ័យ៧២ឆ្នាំ បានប្រកាសជ័យជម្នះកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីការរាប់សន្លឹកឆ្នោតបឋមក្រៅ​ផ្លូវការ បានបង្ហាញលទ្ធផលថា រូបលោកឈ្នះបានសំឡេងគាំទ្រដល់ទៅជិត៦០ភាគរយឯណោះ ពោលគឺពុំចាំបាច់តម្រូវឱ្យមានការបោះឆ្នោតជុំទី២ទេ។ គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៉ី នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២០ ខែមីនា ប៉ុន្តែគេរំពឹងថា នឹងគ្មានការប្រែប្រួលខ្លាំង​នោះឡើយក្នុងលទ្ធផល ដ្បិតលទ្ធផលបឋមក្នុងការបោះឆ្នោតសកលកន្លងៗមក តែងតែមានភាពត្រឹមត្រូវជានិច្ច។ ប្រធានាធិបតីឥណ្ឌូណេស៉ីព្រមទាំងអនុប្រធានាធិបតីថ្មី នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៤៕

រូបភាពពី Reuters