(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីននៅតែប្តេជ្ញាយ៉ាងរឹងមាំ ក្នុងការចរចាដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិមួយ រវាងចិននិងបណ្តាប្រទេសអាស៊ាន ក្នុងគោលបំណងចៀសវាងការប្រឈមមុខដាក់គ្នា នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទទឹកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo ក៏បានលើកឡើងផងដែរថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង មិនមែនតែអំពីការប្រកួតប្រជែងឥទ្ធិពល រវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ហើយហ្វីលីពីនក៏ដូចជាភាគីដទៃទៀត គឺមានសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ដែលត្រូវរក្សាការពារ។ គំនិតនៃការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវបានផ្តួចផ្តើមឡើងដំបូង តាំងតែពីជាង២ទសវត្សរ៍មុនមកម្ល៉េះ ប៉ុន្តែភាគីពាក់ព័ន្ធទើបតែបានប្តេជ្ញា ដើម្បីចាប់ផ្តើមនីតិវិធីចរចាជាផ្លូវការ កាលពីឆ្នាំ២០១៧ ហើយមកទល់ឥឡូវសម្រេចបានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា ហ្វីលីពីននិងចិនបានមើលឃើញ ការប្រឈមមុខដាក់គ្នាកើនឡើងខ្លាំង ក្នុងពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ជុំវិញវិវាទដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ដោយទីក្រុងម៉ានីលបានចោទទីក្រុងប៉េកាំងថា បានធ្វើសកម្មភាពបង្កហេតុជាដដែលៗ មកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ខ្លួន ខណៈចិនវិញបានរិះគន់ទីក្រុងម៉ានីល សម្រាប់ការដែលហ្វីលីពីនទន្ទ្រានចូលមកក្នុងដែនទឹក ដែលទីក្រុងប៉េកាំងអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន៕
រូបភាពពី Reuters